មូលនិធិសប្បុរសធម៌ របស់ប្រធានា ធិបតីដូណាល់ ត្រាំ កំពុងប្រឈមនឹងបញ្ហា ជាច្រើន ហើយ រដ្ឋមួយចំនួន បានចោទ ប្រកាន់ថាសកម្មភាពមូលនិធិខាងលើខុសច្បាប់ រយៈពេល១០ឆ្នាំកន្លងមក។
អភិបាលរដ្ឋញូវយ៉ក លោកស្រី Barbara Underwood កាលពីថ្ងៃទី១៤ខែមិថុនា បានបញ្ជាក់ថា លោកស្រីនឹងប្តឹងមូលនិធិ របស់លោកត្រាំ ជាមួយនឹង អគ្គនាយក មូលនិធិខាងលើ ដែលបានជួយ ស្វែងរកប្រាក់សម្រាប់ឃោសនាបោះឆ្នោត កាលពីឆ្នាំ២០១៦ ។ មូលនិធិខាងលើ បានបម្រើការជូនបុគ្គល និងផលប្រយោជន៍ផ្ទល់ខ្លួន របស់លោកត្រាំ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីមូលនិធិសប្បុរសធម៌របស់លោក គឺ Trump Foundation ត្រូវបានចោទប្រកាន់ពីបទ ប្រព្រឹត្តផ្ទុយពីច្បាប់។
អគ្គរដ្ឋអាជ្ញានៃរដ្ឋញូវយ៉ក លោកស្រី បាបារ៉ា អាន់ឌើវូឌ (Barbara Underwood) បានដាក់ពាក្យប្តឹងមូលនិធិ Donald J. Trump Foundation រួមជាមួយថ្នាក់ដឹកនាំនៃមូលនិធិឯកជននេះ រួមមាន លោកប្រធានាធិបតីផ្ទាល់ ព្រមទាំងកូនៗ ទាំងបីរូបរបស់លោក នៅក្នុងតុលាការ កំពូលរដ្ឋភាគឦសានមួយនេះ នៅឯ សង្កាត់ មែនហាថាន់ (Manhattan)។
ពាក្យបណ្តឹងខាងលើ បានចោទប្រកាន់ មូលនិធិ Trump Foundation ពីបទធ្វើការសម្របសម្រួលដោយខុសច្បាប់ជាមួយយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី របស់លោក ត្រាំ, ការកេងចំណេញយក ប្រយោជន៍ផ្ទាល់ខ្លួន, និងការមិនគោរពតាមច្បាប់ពាក់ព័ន្ធផ្សេងៗក្នុងរយៈពេលដល់ទៅជាងមួយទសវត្សរ៍។ លោកស្រី Underwood បានស្នើតុលាការឲ្យរំសាយមូលនិធិចោល ហើយបង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន២.៨លានដុល្លារ។
គួរជម្រាបថា កូនទាំង៣នាក់របស់ លោក ត្រាំ ដែលជាចុងចោទនៅក្នុងពាក្យបណ្តឹងខាងលើដែរនោះ រួមមានលោក Donald Trump Jr, លោកស្រី អាយវាន់កា ត្រាំ (Ivanka Trump), និងលោក អេរិក ត្រាំ (Eric Trump)។ មូលនិធិនេះ មានទីតាំងនៅក្នុងរដ្ឋញូវយ៉ក និងបង្កើត ឡើងដោយលោក ត្រាំ នៅឆ្នាំ១៩៨៨៕ ម៉ែវ សាធី