ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូសណ្ដោងរ៉ឺម៉ក

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ វេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកម៉ូតូសណ្តោងរុឺម៉ក ក្នុងទឹសដៅស្របគ្នា ពីត្បូងទៅជើង អ្នកបើកបរម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1D.8888 ដោយឈ្មោះ ពុំ សារ៉ាន់ ភេទប្រុស អាយុ ៥៨ឆ្នាំ នៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព ។

អ្នកបើកម៉ូតូសណ្តោងរុឺម៉ក ម៉ាកសាន់យ៉ាន់ ពណ៌ស ពាក់ស្លាកលេខគ្មាន បេីកបរពីត្បូងទៅជើង ហើយបត់ឆ្វេង ដោយឈ្មោះ ម៉ូន.ម៉េងលី ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ គ្មានរបួស មិនពាក់មួកសុវត្ថិភាព នាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងធ្វើកំណត់ហេតុ ដកហូតយកវត្ថុតាងមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រីឯអ្នករបួសបានបញ្ជូនទៅមន្ទីរពេទ្យ។ មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូសណ្តោងរុឺម៉កបើកបត់ឆ្វេងខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ៕ ប៊ុន រិទ្ធី


ចែករំលែក៖