ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាមបណ្តឹងស្ត្រីរងគ្រោះ ករណីអំពើប្រទូសកេរ្តិ៍ខ្មាស (ចាប់ឱបថើប)កាល ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៥ និង៣០នាទីនៅចំណុចមុខបន្ទប់ជួលសង់ថ្មី ផ្លូវបេតុង ភូមិអូរបែក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចប្រាបថា ស្ត្រីរងគ្រោះឈ្មោះ ស៊ុន ចាន់រឿន អាយុ២៥ឆ្នាំ មុខរបរជាងដេរខោអាវ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអូរបែក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ចំណែកជនសង្ស័យឈ្មោះ តាំង សុភិន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខែ្មរ មុខរបរបុគ្គលិកធនាគារបាងកក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអូរបែក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ជាគូរដណ្តឹងនឹងគ្នា ក្រោយមកជនសង្ស័យ និងជនរងគ្រោះ បានផ្តាច់ពាក្យវិញ ។ លុះដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ពេលយប់ជនរងគ្រោះ និងគូរដណ្តឹងក្រោយ ឈ្មោះ អ៊ុក សុគាន់ កំពុងនៅក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែជនសង្ស័យបានដើរមកជិតបន្ទប់ជួលរបស់ជនរងគ្រោះ រួចជនសង្ស័យយកជើងរបស់ខ្លួនធាក់ទ្វារបន្ទប់របស់ជនរងគ្រោះ រួចដើរចេញទៅបាត់។
លុះដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាទៀបភ្លឺ ជនសង្ស័យបានធាក់ទ្វារបន្ទប់របស់ជនរងគ្រោះលើកទី២ ។ មកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៥និង៣០នាទី ជនសង្ស័យបានមកធាក់ទ្វារបន្ទប់របស់ជនរងគ្រោះជាលើកទី៣។ ភ្លាមនោះ ជនរងគ្រោះបានងើបបើកទ្វារបន្ទប់មើល ស្រាប់តែជនសង្ស័យ ប្រើដៃរបស់ខ្លួនចាប់ឱបថើបថ្ពាល់របស់ជនរងគ្រោះ។ ភ្លាមនោះគូរដណ្តឹងជនរងគ្រោះឈ្មោះ អ៊ុក សុគាន់ ឃើញ ក៏ស្ទុះមកចាប់បំបែកចេញ រួចក៏មានការប្រតាយប្រតប់គ្នា ហើយជនរងគ្រោះ និងគូរដណ្តឹង បានចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម យកទៅធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ ៕ តុង សីហា