ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខមាស សុខសោភា បានធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកអមដោយក្តីរំភើប ក្រោយពីតារាចម្រៀងរូបនេះបកស្រាយបទចម្រមួយបទមានចំណងជើងថា “វីរបុរសក្នុងចិត្ត” ។ តារាស្រីរូបនេះក៏ស្រក់ទឹកភ្នែកទៅតាមអត្ថន័យនៃបទចម្រៀងដែរគ្រា ដែលនាងកំព្រាឪពុកជិត២០ឆ្នាំមកហើយនោះ ។
ដំបូង ដែលនាងបានឃើញប៉ារូលបទចម្រៀងមួយនេះធ្វើឲ្យនាងពេញចិត្តជាខ្លាំងគ្រា ដែលកន្លងមកនាងធ្លាប់តែច្រៀងបទចម្រៀង ដែលលើកសរសើរអំពីគុណម្តាយជាច្រើនបទ ។ មានទស្សនិកជនជាច្រើនបានស្នើឲ្យនាងច្រៀងបទចម្រៀង ដែលបរិយាយអំពីគុណលោកឪពុកវិញម្តង ដែលពេលនេះគឺបានដូចអ្វី ដែលពួកគាត់ចង់បាន ។ អ្វី ដែលធ្វើឲ្យតារាស្រីរូបនេះអួលដើមករក្រោយពេលច្រៀងបានពាក់កណ្តាលទីគឺដោយសារអារម្មណ៍នឹករលឹកដល់ឪពុកព្រោះតែអត្ថន័យនៃបទចម្រៀងកន្លែងខ្លះដូចទៅនឹងជីវិតពិតរបស់ឪពុកនាង សូម្បីតែស្តាប់ក្រោយច្រៀងរួចក៏ចង់យំដែរ ។ តារាស្រីលេចធ្លោររូបនេះលើកឡើងដែរថានាងបានកំព្រាឪពុកជិត២០ឆ្នាំហើយ ហើយបទនេះពិតជាធ្វើឲ្យនាងនឹកឃើញដល់លោកឪពុកជាទីស្រលាញ់ ។ នាងថាពេលវេលាវាបានហួសទៅហើយ ទោះចង់ទៅរកគាត់ក៏មិនអាចធ្វើទៅរួចដែរ ។
នាងនិយាយទាំងអួលដើមកថា ទោះប៉ានៅខាងលើ ប៉ុន្តែលោកប៉ាប្រាកដជាមើលឃើញនូវអ្វី ដែលកូនស្រីសម្រេចបាន ។ នាងបញ្ជាក់ថាបទចម្រៀងមួយនេះបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅនិងធំធេងសម្រាប់នាងក៏ដូចជាទស្សនិកជនទូទៅ ។ នាងក៏ជូនពរដល់លោកឪពុកទាំងអស់នៅលើពិភពលោក ដែលបានចំណាយពេលបំពេញតួនាទីជាឪពុកដ៏ល្អ មានសុខភាពល្អ និងក្លាយជាម្លប់ដល់កូនៗដល់ចាស់កោងខ្នង៕ វឌ្ឍនា