ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តធំមួយគ្រឿងបុករះប៉ះរថយន្តតូចៗ៣គ្រឿងទៀត មុននឹងបុកចូលរោងលក់ដូរ និងផ្ទ្ទះប្រជាពលរដ្ឋនៅចំណុចផ្លូវបំបែកស្រែអំបិល ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីម៉ោងជាង៤ល្ងាច ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ។
សមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការ៤០២ប្រចាំនៅផ្លូវបំបែកស្រែអំបិល និងនគរបាលស្រុកកំពង់សីលា ដែលចុះជួយអន្តរាគមន៍ភ្លាមៗឲ្យដឹងជាបឋមថា ហេតុការណ៍នេះកើតឡើងនៅចំណុចបង្គោលគីឡូម៉ែត្រ លេខ ១៤១ ភូមិ/ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
រថយន្តទាំង៤គ្រឿងដែលបុកបន្តគ្នានេះរួមមាន រថយន្តផ្ទុកកុងតឺន័រក្បាលពណ៌សឆ្នូតខៀវ មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុក្បាលពាក់ស្លាក លេខ ព្រះសីហនុ 4A-0915 កន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3C-1294 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់បាត់) បានគេចនឹងរថយន្តម៉ាកមុីហ៊្សូប៊ីសុីត្រាយតុន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ 29 2-0179 មានទិសដៅកោះកុងទៅភ្នំពេញ រួចក៍បន្តទៅបុកនឹងរថយន្តស៊ាំងយ៉ុង ពណ៌សដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ 2T-6231 ដែលចតនៅចិញ្ចើមផ្លូវគ្រួសក្រហម ហើយបន្តទៅបុកនឹងរថយន្តឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-4413 ដែលចតនៅចិញ្ចើមផ្លូវគ្រួសក្រហម ហើយរថយន្តបន្តទៅបុកបង្គោលគីឡូម៉ែត្រលេខ១៤១ រួចបុក បង្គោលសញ្ញាចរាចរណ៍ តូបលក់ឥវ៉ាន់២តូប និងផ្ទះប្រជាលពលរដ្ឋបែកបាក់ផ្នែកខាងមុខទាំងស្រុង ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នេះបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៤នាក់ ក្នុងនោះស្រី៣នាក់ ឈ្មោះ សឹង សុធារី ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរ ធើ្វការនៅមន្ទីរវប្បធម៌រាជធានីភ្នំពេញ រស់នៅសង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ រងរបួសធ្ងន់,ឈ្មោះ ឃ្លាំង គង់ ភេទស្រី អាយុ៦០ឆ្នាំ របួសស្រាល,ឈ្មោះ ហិន នៅ ភេទប្រុស អាយុ២៧ឆ្នាំ របួសស្រាល និងឈ្មោះ ឡាច ហៀម ភេទស្រី អាយុ៦៩ឆ្នាំ របួសស្រាល ។ អ្នកទាំងបី រស់នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ