ខេត្តពោធិ៍សាត់៖ មានជនមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ ១គ្រឿងយកមកប្លុងចោលនៅលើស្ពានថ្ម បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្តកិច្ច ខណៈគេសង្ស័យជាករណីលោទទឹកធ្វើអត្តឃាត ករណីនេះ នគរបាលក្រុងពោធិ៍សាត់កំពុងមមាញឹកស្រាវជ្រាវ និងអំពាវនាវរកម្ចាស់កម្មសិទ្ធិផងដែរ ។
ហេតុការណ៍នេះភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៥-១៨៦ ត្រង់ចំណុចលើស្ពានថ្មស្ទឹងពោធិ៍សាត់(ចន្លោះផ្លូវអ្នកស្មើរជើង) ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
នគរបាលក្រុងពោធិ៍សាត់ប្រាប់ថា ម៉ូតូនេះម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A 0278 ហើយម៉ូតូនោះបានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីស្រាវជ្រាវ និងអំពាវនាវស្វែងរកម្ចាស់កម្មសិទ្ធិ ។
ប្រភពបន្តថា ក្រោយស្រាវជ្រាវជុំវិញកន្លែងកើតហេតុឃើញថា ម៉ូតូនេះ ការពិតគេប្រទះឃើញតាំងពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ មុនបង្កការភ្ញាក់ផ្អើលមកម្ល៉េះ តែគ្មានអ្នកចាប់អារម្មណ៍ លុះនៅម៉ោងខាងលើ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្តកិច្ច និងមកយកទៅរក្សាជាបណ្ដោះអាសន្ន ម៉ូតូចាក់សោកត្រឹមត្រូវមានស្រោមដៃ១គូ និងមួកសុវត្ថិភាពចំនួន១ផងដែរ ។
ករណីខាងលើនេះនគរបាលក្រុងពោធិ៍សាត់កំពុងស្រាវជ្រាវយ៉ាងមមាញឹក និងអំពាវនាវផងដែរ បើបងប្អូនជាម្ចាស់កម្មសិទ្ធិម៉ូតូដូចមានភិនភាគខាងលើ សូមទំនាក់ទំនងមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។
រហូតមកដល់ព្រឹកថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពម្នាក់អណ្តែតទឹកស្ទឹង និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យផងដែរ ៕ ប៉ឹម ពិន