ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ខ្លួនបុរសម្នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅធ្វើការចាប់ខ្លួន បន្ទាប់ពីជនសង្ស័យខាងលើត្រឡបមកពីផឹកស៊ីបានទាស់ពាក្យសំដីជាមួយបុរសម្នាក់ទៀត ឈានដល់យកកូនកាំបិតចាក់ទៅលើគូរទំនាស់បណ្ដាលឲ្យរបួសធ្ងន់ ។

ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួនមានឈ្មោះ ប៊ុន ជាសុវណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបររថយន្ត រីឯជនរងគ្រោះឈ្មោះ វណ្ណ មករា ភេទប្រុស អាយុ២០ឆ្នាំ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានចេញពីផ្ទះទៅផឹកស៊ីនៅខាងក្រៅជាមួយមិត្តភ្តិរបស់ខ្លួន ។ លុះមកដល់វេលាម៉ោងប្រមាណ១៧ ជនសង្ស័យបានត្រឡប់មកផ្ទះវិញ ខណៈមកដល់ផ្លូវចូលផ្ទះជាកន្លែងកើតហេតុ ក៏បានជួបជនរងគ្រោះ រួចក៏បានមើលមុខនិងឌឺគ្នាទៅវិញទៅមក បានទាស់ពាក្យសំដីគ្នា ភ្លាមនោះជនរងគ្រោះក៏ស្ទុះទៅវាយជនសង្ស័យចំនួន៣ទៅ៤ដៃ ជាហេតុធ្វើឲ្យជនសង្ស័យខឹង ក៏យកកូនកាំបិតទៅចាក់ជនរងគ្រោះចំផ្នែកខាងខ្នង បណ្ដាលឲ្យរបួសយ៉ាងដំណំ រួចជនសង្ស័យក៏បោះកូនកាំបិតចោលរត់គេចខ្លួន ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី ក្នុងរាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យត្រូវបាននគរបាលក្រុងតាខ្មៅធ្វើការចាប់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖