ភ្នំពេញ៖ បេក្ខជន១៦រូបបានឆ្លងផុតវគ្គជម្រុះជាបន្តបន្ទាប់ រហូតដល់ឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ និងត្រៀមខ្លួនប្រកួតប្រជែងគ្នាបន្តចង់ដឹងថា តើសហគ្រិនរូបណា ដែលអាចទទួលបានជោគជ័យកាន់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៨(Cambodian Young Entrepreneur Awards 2018) ។
នាយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានសហការរៀបចំ «ពិធីប្រកាសសហគ្រិនវ័យក្មេងឆ្នើមទាំង១៦រូប» នៅឯសណ្ឋាគារសុខាភ្នំពេញ ។ សហគ្រិន១៦រូបបានជាប់ជ័យលាភីនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយពីបានធ្វើបទបង្ហាញនឹងមានឱកាសឈានទៅដណ្តើមពានរង្វាន់ប្រចាំឆ្នាំនៅវគ្គផ្តាច់ព្រ័ត្រនៅចុងខែមិថុនាខាងមុខនេះ ។
សហគ្រិនវ័យក្មេងកម្ពុជានឹងរៀបចំនូវការប្រកួតការវិនិច្ឆ័យដាក់ពិន្ទុ និងការប្រកាសបេក្ខជនលទ្ធផលបេក្ខជនសហគ្រិនចំនួនទាំងទាំង១៦រូប ដែលអាចមានសិទ្ធិទៅប្រកួតបន្តនាវគ្គផ្តាច់ព្រ័ត្រនៅក្នុងថ្ងៃតែមួយ ។
កម្មវិធីនេះ ក៏ទទួលបាននូវសន្ទុះនៃការចូលរួមពីបេក្ខជន ដែលជាសហគ្រិននៅតាមបណ្តាខេត្តមួយចំនួនធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានដូចជាខេត្តសៀមរាបបាត់ដំបងព្រះសីហនុកំពង់ចាម និងកណ្តាល ។ តាមរយៈកំណើននៃការចូលរួមពីខាងសហគ្រិនមកពីទីកន្លែងផ្សេងៗនេះ ក៏បានសបញ្ជាក់ការអំពីការរីកចម្រើននៃសហគ្រិនភាព និងការកើនឡើងនៅប្រភេទនៃអាជីវកម្មផ្សេងៗ ដែលបានតែកំពុងនឹងចាក់ឫសចូលទៅក្នុងសង្គមកម្ពុជាផងដែរ ៕ វឌ្ឍនា