ខេត្តសៀមរាប៖ មនុស្សប្រុសស្រីចំនួន៤នាក់ក្នុង ចំណោមជិត១០នាក់ ត្រូវនគរបាលប៉ុស្តិ៍ស្លក្រាមចាប់ឃាត់ខ្លួន ខណ:បើកលេងល្បែងចាចំហរ និងជាប្រចាំ ហេតុការឃាត់ខ្លួនជនខាងលើ ធ្វើឡើងនារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នា២០១៨ម្សិលមិញ ត្រង់ចំណុចលើផ្លូវលំស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលឃាត់ខ្លួនទី១-ឈ្មោះ គឹម សូ ភេទប្រុស អាយុ ២៦ ឆ្នាំ ។ ទី២-ឈ្មោះ ឡុង គីមហុង ភេទស្រី អាយុ ២៩ ឆ្នាំ ។ ទី៣ ឈ្មោះ ឡុង សុខឡៃ ភេទស្រី អាយុ ៣៥ ឆ្នាំ និងទី៤-ឈ្មោះ ចាន់ ឯម ភេទស្រី អាយុ ៦៣ ឆ្នាំ ពួកគេស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ។ ពួកគេខាងលើនេះជាមេល្បែង(យូគី) ។
វត្ថុតាងដកហូតរួមមានធុងដាក់គ្រាប់យូគីចំនួន០១បិតស្គុតពណ៌ក្រហម,គ្រាប់យូគី ១២គ្រាប់ ស្មើរនឹង២៤គូ,កញ្ច្រែងពណ៌ក្រហមចំនួន០៣,កំរាលមានលេខពីមួយដល់១២ ចំនួន០១,លុយខ្មែរចំនួន២៧០០០៛ (ពីរម៉ឺន ប្រាំពីពាន់រៀល) ។
ប្រភពបន្តថា ចំពោះមេល្បែងយូគី ដែលឃាត់ខ្លួននេះ មានគ្នាច្រើនទៀត តែបានរត់គេចខ្លួនក្នុងពេលសមត្ថកិច្ចចុះទៅដល់ ហើយការ ដែលឈានដល់ដាក់ខ្នោះ ព្រោះជននេះមិនសហការ ហើយបម្រុងតដៃសមត្ថកិច្ច ។
ជុំវិញករណីនេះ អធិការនគរបាល ក្រុងសៀមរាប លោកវរសេនីយ៍ឯកទេព ចាន់ណា បានឲ្យដឹងនៅព្រឹកនេះថា ជនសង្ស័យទាំង៤នាក់នោះ មានស្ត្រី៣នាក់ បានអប់់រំពួកគាត់ ឲ្យវិលទៅលំនៅឋានវិញ ពីល្ងាចម្សិលមិញ ។ ចំណែកជនសង្ស័យឈ្មោះ គឹម សូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទបើកភ្នាល់ល្បែងស៊ីសងខុសច្បាប់(យូគី) ។
បើតាមលោកវរសេនីយ៍ឯក ទេព ចាន់ណា បន្ថែមថា ជនសង្ស័យ ដែលបានបញ្ជូនទៅតុលាការ ជននេះធ្លាប់សមត្ថកិច្ច ធ្វើការអប់រំណែនាំ ជាច្រើនលើកហើយ តែមិនរាងចាល ។
ក្នុងការបង្ក្រាបល្បែងខាងលើនេះ ក្រុមពលរដ្ឋ ដែលរស់នៅក្បែរខាង សម្តែងការសាទរយ៉ាងខ្លាំង ដោយលើកឡើងថា សុំសមត្ថកិច្ចអនុវត្តច្បាប់ ៕ ប៊ុនរិទ្ធី