ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី យឿន ថា អនុប្រធានមន្ទីរភស្ភុភារកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំកងកម្លាំងចំនួន ១០នាក់ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ) ក្នុងនោះឃាត់ខ្លួនជនសង្ស័យកំពុងប្រព្រិត្តជាក់ស្ដែងចំនួន ២នាក់ រួមវត្ថុតាងឈើ និងរណាយន្តផងដែរ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃចន្ទ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចភ្នំ ១៥០០ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា លទ្ធផល៖ កងកម្លាំងឃាត់ខ្លួនជនសង្ស័យកំពុងប្រព្រិត្តអារច្រៀកឈើជាក់ស្ដែងចំនួន ២នាក់ រួមវត្ថុតាងរណាយន្ត(ត្រង់ន័រ)ចំនួន ០១គ្រឿង បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង បានប្រគល់ឲ្យមន្រ្តីបរិស្ថាន(ទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស) ដើម្បីបំពេញសំណុំបែបបទ និងចាត់ការបន្តតាមនីតិវិធី ៕ ប៉ឹម ពិន