ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញបន្តរុករកឃើញថានៅខណ្ឌដង្កោមានស្ថានីយ៣ទៀតលក់ប្រេងមិនគ្រប់ចំណុះ និងបន្លំគុណភាព

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថៃ្ងទី១៩ ខែមិថុនា ឆ្នាំ២០១៨ ក្រុមត្រួត ពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មតាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយលោក ញូង វ៉ែន អនុប្រធាននាយកដ្ឋានសហការជាមួយមន្រ្តីជំនាញរបស់មន្ទីរពិសោធន៍បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅ តាមស្ថានីយ និងដេប៉ូប្រេងមួយចំនួនស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោក ញូង វ៉ែន បានឲ្យដឹងថា ការត្រួត ពិនិត្យគុណភាព និងបរិមាណនេះផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែងដូចជាធុងក្រិតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នាមានចំណុះ៥លីត្រ ១០លីត្រនិង២០លីត្រ។ ចំណែកសន្ទស្សន៍ អុកតាន និងសេតានវិញគឺប្រើឧបករណ៍ក្នុង រថយន្តមន្ទីរពិសោធន៍ចល័ត ។

ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាពនិងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ៥ កន្លែងនៅទីតាំងខាងលើនេះមាន២ទីតាំងលក់ប្រេងអនុលោមភាពទាំងផ្នែកបរិមាណ និងគុណភាព។ ចំណែក២ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ និងមួយទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ និង គុណភាព ។

លោក ញូង វ៉ែន បានបន្ថែមថា ក្រុមការ ងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនឹងបន្តត្រួតពិនិត្យឲ្យបាន គ្រប់ស្ថានីយទាំងអស់ទូទាំងកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេង ឥន្ធនៈចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន/ដេប៉ូដែល បានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្របត្រូវបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើពុំនោះទេ នឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធីនៃច្បាប់ជាធរមាន ។

អនុប្រធាននាយកដ្ឋានរូបនេះក៏បាន អំពាវនាវអ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដោយជ្រើសរើសក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មីលក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាព ល្អ ហើយគ្រប់ចំនួនលីត្រ ។

បន្ថែមពីលើនោះត្រូវពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់តាមដានដំណើរការលេខកុងទ័រដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ។ ស្នើ តាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេង ឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុង ប្រយ័ត្នសុវត្ថិភាពផ្នែកអគ្គិភ័យដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចាក់បំពេញប្រេង ក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្តឬមក អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងករណីដែលមានបាតុភាពជាយថាហេតុណាមួយ ៕ ហេង សូរិយា


ចែករំលែក៖