ខេត្តមណ្ឌលគិរី ៖ លោកវរសេនីយ៍ទោ ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវ សីមានៃស្នងការដ្ឋានខេត្តមណ្ឌលគិរីដែល មានរឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងការ ឃុបឃិតជាមួយឈ្មួញមកពីប្រទេសវៀតណាមលួចធ្វើផ្លូវបើកច្រករបៀងដោយខុស ច្បាប់កាយប្រឡាយពីអូរព្រំដែនវៀតណាមចូលទឹកដីកម្ពុជា និងក្តោបអំណាចប្រកាន់បក្ខពួកគ្រួសារនិយមនោះត្រូវបានថ្នាក់លើសម្រេចផ្ទេរភារកិច្ចចេញមកបម្រើការងារនៅស្នងការដ្ឋានខេត្តមណ្ឌលគិរី ហើយ ។
យោងតាមប្រកាសរបស់ក្រសួងមហា ផ្ទៃលេខ១២១៥ ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឲ្យដឹងថា លោក វរសេនីយ៍ទោ ស៊ុន ប៊ុនធឿន អត្តលេខ ២៩០៨០ ជាអធិការនគរបាលស្រុកកែវ សីមាត្រូវបានផ្ទេរភារកិច្ចជានាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តមណ្ឌលគិរី និងតែងតាំងលោកវរ សេនីយ៍ត្រី វ៉ាន់ ដានីន អត្តលេខ៦៨៦៣៩ ពីនាយការិយាល័យស៊ើបអង្កេតនិងអនុវត្ត នីតិវិធីជាអធិការនគរបាលស្រុកកែវសីមា។
សូមរំលឹកថា រឿងរ៉ាវអាស្រូវជាច្រើន របស់លោកវរសេនីយ៍ទោ ស៊ុន ប៊ុនធឿន បានបែកធ្លាយរឿងជាបន្តបន្ទាប់ដោយសារឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើបានលួចឈូសឆាយធ្វើផ្លូវបើក ច្រករបៀងខុសច្បាប់ដោយបានការប្រឡាយពីអូរព្រំដែននៃប្រទេសវៀតណាមចូលមកដីកម្ពុជាទៀតផង ។
ក្រៅពីការឃុបឃិតជាមួយឈ្មូញទុច្ចរិតខាងលើនេះលោក ស៊ុន ប៊ុនធឿន បានក្តោប ក្តាប់អំណាចបក្ខពួកនិយមដាក់សាច់ញាតិឲ្យកាន់មុខតំណែងសំខាន់ៗតាមផ្នែក និង ប៉ុស្តិ៍ ជាពិសេសព្យាយាមបិទបាំងព័ត៌មានលួចបើកច្រករបៀងដោយខុសច្បាប់ដើម្បីនាំឈើទៅលក់នៅប្រទេសវៀតណាមតែ ម្តង ។
សូមរំលឹកថា រឿងអាស្រូវរបស់លោកវរ សេនីយ៍ទោ ស៊ុន ប៊ុនធឿន អធិការនគរ បាលស្រុកកែវសីមាត្រូវក្រុមការងារចម្រុះ របស់ខេត្តមណ្ឌលគិរីបានចុះពិនិត្យច្រក របៀងលេខ០៤ប៉ុស្តិ៍នគរបាលការពារព្រំដែនឡេប៉ាខេនៃវរសេនាតូចនគរបាលការពារព្រំដែនលេខ៦២១ក្នុងឃុំស្រែខ្ទុម ស្រុក កែវសីមានៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបទបញ្ជារបស់លោកអភិបាលខេត្តមណ្ឌលគិរីដោយបានរកឃើញត្រង់ចំណុចផ្លូវបំបែកចូលច្រករបៀងលេខ០៤គឺពិតជាមានជនខិលខូចបានយកគ្រឿងចក្រកាយដីធ្វើផ្លូវ និងជីកប្រឡាយចូលទៅអូរបន្ទាត់ព្រំដែនវៀតណាមដើម្បីនាំឈើទៅលក់នៅវៀតណាមប្រាកដមែន ។
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក វរសេនីយ៍ទោ ស៊ុន ប៊ុនធឿន បានធ្វើរបាយ ការណ៍ស្តីពីការឈូសឆាយផ្លូវ និងជីក រណ្តៅនៅចំណុចផ្លូវបំបែកចូលទៅច្រក របៀងលេខ០៤ ប៉ុស្តិ៍នគរបាលការពារព្រំដែនឡេប៉ាខេដោយបានបញ្ជាក់ថា លោក វ៉ាន់ ចាន់ធារី មេបញ្ជាការកងអនុសេនាតូច លេខ២(គ២) បានធ្វើផ្លូវនេះមែនដែល ចាប់ផ្តើមធ្វើនៅថ្ងៃទី២១ដល់ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៧ដែល ប្រើប្រាស់គ្រឿង ចក្រ២គ្រឿង(អេស្កាវ៉ាទ័រ ១គ្រឿង, ត្រាក់ ទ័រ១គ្រឿង) និងរថយន្តបែន១គ្រឿង។ បន្ទាប់ពីពិនិត្យរបាយការណ៍ និងចុះជាក់ស្តែងរបស់ក្រុមការងារបានសន្និដ្ឋានថា ការឈូសឆាយធ្វើផ្លូវព្រំដែននេះបណ្តាលមកពីអាជ្ញាធរ និងសមត្ថមកិច្ចទាំងអស់មិន បានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ និងមាន ការធ្វេសប្រហែសក្នុងការអនុវត្តតួនាទីភារ កិច្ចរបស់ខ្លួន ជាពិសេសលោកវរសេនីយ៍ ទោ ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមាអសមត្ថភាពក្នុងការទប់ស្កាត់មានចេតនាលាក់បាំងធ្វើឲ្យជនខិលខួចឆ្លៀត ឱកាសកាយដីធ្វើផ្លូវ និងជីកប្រឡាយចូលនៅចំណុចអូរព្រំដែនប្រទេសកម្ពុជា-វៀត ណាមពិតប្រាកដមែន ។
តាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់នៃ ស្នងការដ្ឋានខេត្តមណ្ឌលគិរីតាមការគ្រោងទុកពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង និង ផ្លាស់ប្តូរមុខតំណែងអធិការនគរបាលស្រុកកែវសីមានឹងធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ៕ ហេង សូរិយា