ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរ វាយប្លន់យកម៉ូតូឌ្រីមឆ្នាំ២០១៨មួយគ្រឿង បានសម្រេចបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ នៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ ម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតរបួសស្រាល ខណៈដែលក្រុមចោរប្លន់មួយក្រុមជិះម៉ូតូ៥ទៅ៦គ្រឿង មានគ្នាប្រហែល១០នាក់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨មួយគ្រឿង បានសម្រេចក្នុងមូលដ្ឋានខណ្ឌមានជ័យដោយសុវត្ថិភាព ។ ប៉ុន្តែក្រុមចោរប្លន់២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌចំកាមន សហការជួយធ្វើអន្តរគមន៍ដេញតាមចាប់បានភ្លាមៗ និងដកហូតបានម៉ូតូម៉ាកស៊ុយស៊ូគីឡែតមួយគ្រឿង រីឯបក្ខពួកផ្សេងទៀតជិះគេចខ្លួនបាត់អស់ ។

ករណីវាយប្លន់ម៉ូតូបានសម្រេចខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅមុខផ្ទះសំណាក់យីហោ៣៤២ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ ទី១; ឈ្មោះ រឹទ្ធ ភេទប្រុស អាយុ២៨ឆ្នាំស្នាក់នៅពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ (ជាម្ចាស់ម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យ) និងម្នាក់ទៀតឈ្មោះ ដារ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅម្ដុំផ្សារសូឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកក្រុមជនសង្ស័យដែលសមត្ថកិច្ចចាប់បាននោះ ទី១៖មានឈ្មោះគង់ ម៉េង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់ច្បារអំពៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ; និងទី២. ឈ្មោះ ឃុត ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ អូឌ័រ ខារ៉ាអូខេអឹមភារៀ ម្ដុំផ្សាយដីហ៊ុយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ ។

បើតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ដារ៉ា ដែលរងរបួសស្រាល បានឲ្យដឹងថា មុនពេលកើតហេតុរូបគេនិងមិត្តភក្តិឈ្មោះ រឹទ្ធ (ជាម្ចាស់ម៉ូតូ) ទើបតែចេញពីហូបអីនៅម្ដុំមុខសាលាសាមគ្គី ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ គោលបំណងទៅផ្ទះសង្សានៅភូមិព្រែកទាល់ ខណ្ឌមានជ័យ ។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៥ទៅ៦គ្រឿង គ្នាប្រហែលជាង១០នាក់ មកពីក្រោយ រួចធ្វើសកម្មភាពវាយប្លន់យកម៉ូតូតែម្ដង បណ្ដាលឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ បន្ទាប់ពីកើតហេតុភ្លាមនោះ កម្លាំងនគរបាលប៉ុស្ដិ៍ទំនប់ទឹក នៃអធិការដ្ឋានខណ្ឌចំកាមន បានទទួលព័ត៌មាននឹងកណ្ដាប់សភាពការបានហើយ ក៏ធ្វើការពូនស្ទាក់ដេញតាមចាប់បានបក្ខពួកជនសង្ស័យ២នាក់ និងដកហូតម៉ូតូម៉ាកស៊ុយហ៊្សុីគីឡែត មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ GT-8765 យកមកសួរនាំតែម្តង ។ចំណែកបក្ខពួកជនសង្ស័យផ្សេងទៀតរត់គេចខ្លួនបាត់អស់ ព្រមទាំងយកម៉ូតូជនរងគ្រោះទៅជាមួយផងដែរ ។

ក្រោយសាកសួររួច សមត្ថកិច្ចប៉ុស្ដិ៍ទំនប់ទឹកបានប្រគល់ជនសង្ស័យឲ្យទៅកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ២ ខណ្ឌមានជ័យវិញ និងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីបន្តនិតិវិធី ៕ ស តារា


ចែករំលែក៖