ព័ត៌មានទាន់ហេតុការណ៍៖

អត់ចេះហែលទឹកចុះបេះផ្លែឈូកក្នុងត្រពាំងលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានលង់ទឹកត្រពាំងស្លាប់គ្មានអ្នកណាជួយទាន់បន្ទាប់ពីអត់ចេះហែលទឹកសោះបានបបួលប្អូនថ្លៃទៅបេះផ្លែឈូកហើយក៏លង់ទឹកស្លាប់ក្នុងជម្រៅជាង២ម៉ែត្រ ។

ឧប្បត្តិហេតុនេះកើតឡើងកាលពី រសៀលថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិ ត្រពាំងតាលួង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បុរសដែលលង់ទឹកត្រពាំងស្លាប់ឈ្មោះ សុខ គុន អាយុ៣៨ឆ្នាំ រស់នៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង មានប្រពន្ធឈ្មោះ សោភ័ណ្ឌ អាយុ២៧ឆ្នាំ មុខរបរជាកម្មការិនី រោងចក្រកាត់ដេរមានកូន៣នាក់(ស្រី២ នាក់ប្រុសម្នាក់) រស់នៅក្នុងបន្ទុក ។

ប្រភពពីសាច់ញាតិសពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានបបួលប្អូនថ្លៃប្រុស អាយុ១៧ឆ្នាំ ម្នាក់ទៅបេះផ្លែឈូកលក់នៅចំណុចត្រពាំងទឹកក្នុងភូមិត្រពាំងតាលួងឃុំស្គុះ។ លុះមកដល់ត្រពាំងដែល មានដើមឈូកដុះ និងមានផ្លែច្រើនគួរសម នោះទាំង២នាក់បងប្អូនថ្លៃនាំគ្នាចុះទឹក ដោយពួកគេបាននាំគ្នាចែកកន្លែងបេះឆ្ងាយពីគ្នា។ រហូតដល់ម៉ោង១១ថ្ងៃត្រង់ប្អូនថ្លៃបានស្រែកហៅបងថ្លៃទៅផ្ទះហូបបាយតែមិនឮសូរឆ្លើយសោះប្អូនថ្លៃបានដើរកមិនឃើញក៏មានការសង្ស័យថាលង់ទឹក ព្រោះជនរងគ្រោះមិនចេះហែលទឹកក៏បានទៅហៅក្រុមគ្រួសារឱ្យមកជួយរកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបានមកចោមរោមមើលយ៉ាងច្រើនកុះករហើយក៏បាន រាយការណ៍ដល់នាយប៉ុស្តិ៍នគរបាលរដ្ឋ បាលស្គុះផងដែរ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ភ្លាមៗ នោះក្រុមគ្រួសារបានចុះរាវរកក្នុងត្រពាំង ទឹកនោះអស់រយៈពេលជាង២ម៉ោងទើប ប្អូនបង្កើតវាវប៉ះជើងប្រទះឃើញបងលង់ ទឹកស្លាប់បាត់ទៅ ហើយនៅអំឡុងម៉ោង១ និង២០នាទីរសៀលថ្ងៃដដែលហើយស្រង់សពដាក់លើទូកត្នោតដឹកមកដាក់លើគោកឲ្យសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យរួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ៕ សហការី


ចែករំលែក៖