ខេត្តកំពង់ធំ៖ សមត្ថកិច្ចបានគាស់ខ្មោចស្រ្ដីប្រពន្ធចុងម្នាក់ ដែលប្ដីសម្លាប់រួចយកទៅកប់រយៈពេល៣ថ្ងៃ ដើម្បីធ្វើកុសល្យវិច័យបំបែកសំណុំរឿងឃាតកម្ម ដោយចាប់ខ្លួនបានជនសង្ស័យជាឃាតក ។
លោកទិត សំណាង ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ដីចម្ការនោះនឹងឃើញស្នាមអូសសាកសពទៅកប់ ស្របពេល មានករណីបាត់មនុស្សនៅចំណុចខាងលើនេះ ។
សមត្ថកិច្ចបានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា ជាក់ស្តែងនៅថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចដឹកនាំដោយលោក អ៊ិតសុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ចុះចាប់ខ្លួនឃាតក ដែលសង្ស័យសម្លាប់សង្សារខ្លួន យកខ្សែអង្រឹងរឹត(ក)សម្លាប់ រួចចងដៃចងជើង អូសយកទៅកប់ដី ក្នុងចំការរបស់ខ្លួន ។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ជនដៃសង្ស័យជាឃាតក ឈ្មោះ អន លិ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកជនរងគ្រោះឈ្មោះ ធា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា ហេតុការណ៍ដែលឃាតកសម្លាប់ស្រីស្នេហ៍នេះ បានកើតឡើងនៅក្នុងដីចំការស្វាយចន្ទីរបស់ជនសង្ស័យ នៅតំបន់អូរកូត ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ សមត្ថកិច្ចបន្តថា ជនស្ស័យជាឃាតក បានស្គាល់នារីរងគ្រោះ តាមរយៈប្រពន្ធទូរស័ព្ទ អស់ពេលជិត២ឆ្នាំកន្លងមកហើយ ខណៈជនដៃដល់ម្នាក់នេះបាននិយាយលួងលោម ស្ត្រីរងគ្រោះថា ខ្លួនពោះម៉ាយធ្វើឲ្យស្ត្រីរងគ្រោះលង់ខ្លួនស្រឡាញ់អស់ពេលជិត២ឆ្នាំ ព្រោះស្ត្រីរងគ្រោះ ក៏ជាស្ត្រីម៉េម៉ាយដែរ លុះដល់បែករឿងដឹងថាបុរសដែលខ្លួនស្រឡាញ់ គឺមានប្រពន្ធ និងកូន៤នាក់ ទើបប្រេះឆាគ្នា បង្កើតជាជម្លោះហើយ ឈានទៅដល់ការសម្លាប់តែម្តង ពីព្រោះស្ត្រីរងគ្រោះបានសុំលុយជនសង្ស័យមួយចំនួន ដើម្បីបែកផ្លូវគ្នាទៅធ្វើការនៅកន្លែងផ្សេង ។
បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជាឃាតកនេះបានហើយ នៅថ្ងៃដដែលនោះ លោក អ៊ិតសុធា ព្រះរាជអាជ្ញា សាលាដំបូងខេត្តកំពង់ធំបានឲ្យជនសង្ស័យធ្វើត្រាប់ តាមអ្វីដែលខ្លួន(ជនសង្ស័យ)បានសម្លាប់ស្ត្រីរងគ្រោះ និងឈានទៅរកទីតាំងកប់ខ្មោច ហើយបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ច គាស់សាកសពដើម្បីឲ្យមន្ត្រីជំនាញពិនិត្យជាក់ស្តែង និងធ្វើកោសល្យវិច័យលើខ្លួនសពជនរងគ្រោះ ។
ស្ត្រីរងគ្រោះពុំមានសាច់ញាតិបងប្អូននោះទេ ក្រោយពីគាស់សាកសពពិនិត្យរួចរាល់ហើយនោះ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងកំពង់ធំបានឲ្យលោកតាអាចារ្យ និងប្រជាពលរដ្ឋរួមគ្នាយកសាកសពទៅបូជា ដោយលោកជាអ្នកចេញថ្លៃបូជាសព និងឲ្យជំនាញស្រាវជ្រាវ រកបងប្អូនមកទទួលយកឆ្អឹងជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលតុលាការខេត្តកំពង់ធំ បានគាស់ផ្នូរសាកសព យកមកពិនិត្យធ្វើកោសល្សវិច័យ ដើម្បីបំបែកសំណុំរឿងអាថ៌កំបាំង ក្នុងករណីឃាតកម្ម ដោយគិតទុកជាមុន ដែលលទ្ធផលសមត្ថកិច្ចបានពុះច្រៀកសំណុំរឿងដ៏សែនអយុត្តិធម៌នេះ ត្រូវបានរកឃើញមុខឃាតកពិតប្រាកដ និងត្រូវបានផ្តន្ទាទោសតាមច្បាប់ ដោយបានរកយុត្តិធម៌ជូនជនរងគ្រោះទាំង២ករណីផងដែរ។
គួររំលឹកថា ករណីស្រដៀងគ្នានេះ កាលពី២ឆ្នាំមុន អយ្យការខេត្តកំពង់ធំធ្លាប់បានគាស់ផ្នូរពិនិត្យសាកសពដូចគ្នានេះ នៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំផងដែរ ។ តាមពិត រឿងបែបនេះគេធ្លាប់តែឃើញនៅក្នុងរឿងភាគចិន តុលាការមុខដែកប៉ៅចិនប៉ុណ្ណោះ ដែលហ៊ានគាស់សាកសពពីផ្នូរមកពិនិត្យពិច័យសើរើសំណុំរឿងឃាតកម្មអយុត្តិធម៌ ។ ប៉ុន្តែដល់ពេលឥឡូវ តុលាការមុខដែកខេត្តកំពង់ធំស្រុកខ្មែរ អនុវត្តតាមវិធីបែបនេះដើម្បីយុត្តិធម៌ជូនជនរងគ្រោះ ដែលធ្វើឲ្យប្រជាពលរដ្ឋមិនស្ងើចសរសើរមិនបាន ៕ ប៊ុនរិទ្ធី