ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនក្រុមអ្នកលេងល្បែង និងអ្នកកត់បាល់ប្រចាំទីតាំងយីហោកាហ្វេ Sport cafe ដែលលួចបង្កប់ភ្នាល់បាល់ និងលេងល្បែងគ្រប់ប្រភេទមកតុលាការ

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តកណ្តាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ បានបញ្ជូនក្រុមអ្នកលេងល្បែង និងអ្នកកត់បាល់ ប្រចាំទីតាំងយីហោកាហ្វេSport cafe ដែលលួចបង្កប់ភ្នាល់បាល់ និងលេងល្បែងគ្រប់ប្រភេទនោះ មកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនីតិវិធីចាត់ការបន្តទៅតាមផ្លូវច្បាប់ ។

បច្ចុប្បន្នជនសង្សយ័ទាំង០៦នាក់ កំពុងស្ថិតក្រោមការសាកសួររបស់លោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ។

ជនសង្ស័យ ៦នាក់ ទី១ ឈ្មោះ ប្រាក់ បុងហ៊ុយ ភេទប្រុស អាយុ១៧ឆ្នាំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (បុគ្គលិក), ទី០២ ឈ្មោះ ហ៊ែល ឧស្សាហ៍ ភេទស្រី អាយុ១៨ឆ្នាំ ភូមិផ្ទះជួល ឃុំចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ(បុគ្គលិក) ទី០៣ឈ្មោះគាំ អូនរស្មី ភេទស្រី អាយុ២៣ឆ្នាំ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល(បុគ្គលិក) ទី០៤ឈ្មោះ ប៉ម មេសា ភេទប្រុស អាយុ៣៨ឆ្នាំ ភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅខេត្តកណ្តាល(អ្នកលេង) ទី០៥ឈ្មោះ ហេង រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ(អ្នកលេង) ទី០៦ឈ្មោះ កើ សាន់ ភេទប្រុស អាយុ៤៦ឆ្នាំ ភូមិព្រែកតាពៅ១ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល(អ្នកលេង) ។

សូមរំលឹកថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ កាលពីវេលាម៉ោង១៤ និង៣០នាទី នៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យ ដោយមានការសម្របសម្រួលពីលោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាបល្បែងស៊ីសង(ភ្នាល់បាល់ កេណូ និងកន្ទុយលេខ)ស្ថិតនៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នៅក្នុងហាកាហ្វេយីហោ ស្ពតកាហ្វេ ដែលបានបើកឲ្យមានការភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធឺណែត និងចាក់កេណូ KENOមានន័យថា៖ ចាក់ស៊ីសងភ្លាមៗរាល់៣នាទីម្តង) ហើយមានកម្មវិធីស៊ីសងពិសេសជាច្រើន ដូចជា៖

១.ចាក់ចាប់៥-៧គូរ ចាញ់ដាច់ទាំងអស់សងដើមគុណ និង២

២.ចាក់៨គូរ ចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារឡើងទៅ សង១០០ដុល្លារ

៣.ចាក់៩គូរចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារឡើងទៅសង២០០ដុល្លារ

៤.ចាក់១០គូរចាញ់ដាច់ទាំងអស់ចាប់២ដុល្លារ ទៅ៩ដុល្លាបានទូរស័ព្ទiPhone ចំនួន០១គ្រឿង

៥.ចាក់១០គូរចាញ់ដាច់ទាំងអស់ចាប់១០ដុល្លារឡើង និងទទួលបានម៉ូតូហុងដាឌីមសេរីថ្មីចំនួន ០១គ្រឿង ។

វត្ថុតាងចាប់យក ម៉ាស៊ីន ម៉ូនីទ័រ ០៤គ្រឿងកំព្យូទ័រ០៦គ្រឿង.ម៉ូតូ ០៦គ្រឿង លុយ ១.៧០០.០០០៛ និង១៣៣$ ម៉ាស៊ីនគិតលេខ០៣គ្រឿង កៅអីបត់០៣,កៅអីខ្ពស់០៥, តុ០៣.ម៉ាស៊ីនព្រីន បុងបាល់០២គ្រឿង .រ៉ូល បាល់០៤ដុំធំៗ ធុងហិបឆ្នោត០១ សន្លឹកឆ្នោតផ្សងសំណាង០៧ដុំធំៗត្រាផេរ ០២ និងបុងចាក់បាល់រួមមួយចំនួនទៀត៕ ឆ ដា


ចែករំលែក៖