ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៥គ្រឿងបុកបន្តកន្ទុយគ្នារបួសស្ត្រីមានផ្ទៃពោះម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១១-២១២ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តចំនួន០៥គ្រឿង គឺបង្កដោយរថយន្តដឹកកុងតឺន័រ ០១គ្រឿង មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើស្ថានភាពផ្លូវចុះចំណោត ក៏បានរេចង្កូតមកខាងឆ្វេងដៃបុកនឹងរថយន្ត១គ្រឿង ដែលមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យរថយន្តចំនួន៣គ្រឿងទៀតមានទិសដៅពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ បានបុក បន្តកន្ទុយគ្នាតែម្ដង។

គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមធ្យមស្ត្រីមានផ្ទៃពោះម្នាក់ឈ្មោះ ពេជ្រ ស្រីអូន អាយុ៣១ឆ្នាំ មុខរបរកម្មករ មានទីលំនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ចែងស្ទូចយកចេញពីកន្លែងកើតហេតុកុំឲ្យមានការកកស្ទះចរាចរណ៍ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖