ព័ត៌មានទាន់ហេតុការណ៍៖

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានរៀបចំសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី១​ ឆ្នាំ២០១៨ ក្រោមប្រធានបទ​ “ឱកាសទៅសិក្សានៅក្រៅប្រទេសសំរាប់និស្សិតកម្ពុជា​”

ចែករំលែក៖

ភ្នំពេញ៖ ព្រឹក​ថ្ងៃ​ទី​២១ ​ខែមិថុនា​ ឆ្នាំ​២០១៨​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​រៀប​ចំ​សន្និ​សីទ​កិច្ចសហប្រតិបត្តការអន្តរជាតិ ប៊ែលធីលើកទី១ ឆ្នាំ២០១៨ (BICC2018) ​ក្រោម​ប្រ​ធាន​បទ​ “ឳ​កាសទៅសិក្សានៅក្រៅ ប្រទេសសំរាប់និស្សិតកម្ពុជា​”​ ក្រោម​អ​ធិប​តី​ភាព​ ​លោក បណ្ឌិត ទូច វិសាលសុខ​ អនុរដ្ឋលេខាធិការក្រ​សួង​អប់​រំ​យុវ​ជន ​និងកីឡានិងជាតំណាង ដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​សួង​អប់​រំ​ យុវ​ជន ​និង​កី​ឡា ​និង​មាន​ការ​ចូល​រួម​ពី​សា​កល​វិ​ទ្យា​ល័យ​ជាង​២០​ មក​ពី​ប្រ​ទេស​ទាំង​១០​ ជំវិញពិភពលោក​ ព្រម​ទាំង​គ្រឹះ​ស្ថាន​ឧ​ត្តម​សិក្សា​មួយ​ចំ​នួន​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ផង​ដែរ​។

តាមរបាយការណ៍ របស់ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធីគ្រុបនិងជាសាកលវិទ្យាធិការរងទី១នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិបានមានប្រសាសន៍ថាៈ ឈ្មោះ ​ប៊ែល​ធី​ (BELTEI) ​ត្រូវ​បាន​ផ្គុំ​ទ្បើង​ដោយ​ ៦​មុខ​វិជ្ជា​ធំៗ​គឺ ​ BEL​ =​ Business​,​ Economics​,​ Law,​ និង ​TEI​ =​ Tourism​,​ English,​ Information​ of​ Technology​។ ប៊ែលធី គ្រុប មានសេវាកម្ម ៣ ធំៗគឺ ១-ប៊ែលធី សំណង់ ២-ប៊ែលធី ទេសចរណ៍ និង ៣-ប៊ែលធី អប់រំ (សាលា ប៊ែលធី អន្តរជាតិ, សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ, ប៊ែលធី ទំនាក់ទំនង អន្តរជាតិ)។ បច្ចុប្បន្ន មានបុគ្គលិកបម្រើការសរុបជាង ២,៥០០នាក់ និងមានសិស្ស-និស្សិត ៣៨,៣១៧នាក់ កំពុងសិក្សា។

សាលា ប៊ែលធី អន្តរជាតិ៖ មាន ២១ទីតាំងក្នុងនោះ ១៨ទីតាំងកំពុងដំណើរការ និង ៣ទីតាំង កំពុងសាងសង់។

សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​៖​ មាន​ ២​ទី​តាំង ក្នុងនោះ ១ទីតាំងកំពុងដំណើរការ ​ ស្ថិត​នៅ​អ​គារ​២១​ ផ្លូវ ​៣៦០​សង្កាត់​បឹង​កេង​កង​ ៣​ខណ្ឌ​ចំ​ការ​មន​ និង​ ទីតាំងទី២ ស្ថិតនៅជិតរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់។ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាជាភាសាជាតិ (National Program) សិក្សាជាភាសាខ្មែរ ៥០% និងអង់គ្លេស ៥០% និងកម្មវិធីសិក្សាអន្តរជាតិ (International Program) សិក្សាជាភាសាអង់គ្លេស ១០០%។

ប៊ែល​ធី​ ទំ​នាក់​ទំ​នង ​អន្តរ​ជាតិ​៖​ មាន​បម្រើ​សេ​វា​ ៣​សំ​ខា​ន់ៗ​៖ ​១​-​បញ្ជូន​សិស្ស​-​និ​ស្សិត​ទៅ​​សិក្សា​ក្រៅ​ប្រ​ទេស​ ២-​កម្ម​​វិធី​​ផ្លាស់​​​ប្តូរ​​និ​ស្សិត​ ៣​-​ការ​ធ្វើ​កម្ម​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​​។

លោក​ បណ្ឌិត លី​ ឆេង​ អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​អន្តរ​ជាតិ​ បាន​ឱ្យ​ដឹង​ថា​៖​​សន្និ​សីទ​កិច្ចសហប្រតិបត្តការអន្តរជាតិ ប៊ែលធី លើកទី១ ឆ្នាំ២០១៨ ​ដែល​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​បានរៀបចំឡើង ​មាន​គោល​បំ​ណង​៖

១​-​ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំឯកជននិងរដ្ឋ

២​-​ដើម្បី​ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗជូនដល់សិស្សនិស្សិតកម្ពុជា

៣​-​ដើម្បី​បង្កើតនូ​វវេទិការទំនាក់ទំនងសំរាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួមក្នុងសន្និសិទ

៤​-​ដើម្បី​ផ្សព្វផ្សាយពីឳកាសទទួលបានអាហារូបករណ៍ជូនដល់សិស្សវិទ្យាល័យប៊ែលធី

៥​-ដើម្បី​បង្កើនចំនួននិស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឲ្យបានច្រើន

៦​-ដើម្បី​ធ្វើឲ្យប្រសើរឡើងកិត្តិនាមរបស់គ្រឹះស្ថានអប់រំទាំងក្នុងប្រទេស ថ្នាក់តំបន់និងពិភពលោក

ក្នុង​ឱ​កាស​នោះ​ផង​ដែរ​ ​លោក បណ្ឌិត ទូច វិសាលសុខ ​ក៏​បាន​ថ្លែង​អំ​ណរ​គុណ​ដល់​លោក​ បណ្ឌិត លី ​ឆេង​ អគ្គ​នា​យក ​ប៊ែល​ធី​ គ្រុប​និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ដែល​បានខិត​ខំ​រៀប​ចំ​សន្និ​សីទ​ជា​លក្ខណៈ​អន្តរ​ជាតិ​នេះ​ឡើង​ និង​មានប្រ​ទេស​ជាច្រើនមកពីជុំវិញពិភពលោក​ចូល​រួម​ ដែល​បានលើក​តម្កើង​កិ​ត្យា​នុ​ភាព​ប្រ​ទេស​ជាតិ​យើង​ ​ដែលស្ថាបនិករបស់សន្និសីទនេះជារបស់កូនខ្មែរ និង​ជា​ពិ​សេស​ក៏​សូម​អរ​គុណ​គណៈ​ប្រ​តិ​ភូ​ដែល​ជា​សមា​ជិកដៃគូ​ស្ថាប​និក​BICC ដែលបានរៀប​ចំ​បង្កើតឲ្យមានសន្និសីទនេះឡើង​។

លោក​ បាន​មាន​ប្រ​សា​សន៍​បន្ថែម​ទៀត​ថា​ ឳកាសទៅសិក្សានៅក្រៅ ប្រទេសសំរាប់និស្សិតកម្ពុជានេះ​គឺ​ជា​ប្រ​ធាន​បទ​ដ៏​សំ​ខាន់​មួយហើយវាមិន​មែន​តែ​ជា​បញ្ហា​សម្រាប់​និ​ស្សិត​កម្ពុជា​តែ​ប៉ុ​ណ្ណោះ​ទេ ​គឺ​សម្រាប់​ពិ​ភព​លោក​ទាំង​មូល​ ដែល​ត្រូវ​ក​សាង​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​ស​មត្ថ​ភាព​និងសីលធម៌ជា​មួយ​ជំ​នាញ​ដ៏​ត្រឹម​ត្រូវ​សម្រាប់​អា​ជីព​ ជា​ពិ​សេស​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​ប​រិ​បទ​សា​កល​ភា​វូ​នី​យ​កម្ម​ ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​ទី​ផ្សារ​ការ​ងារ​។​

ក្នុង​នោះ​ផង​ដែរ​ ក្រ​សួង​អប់​រំ​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បានដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​បង្កើត​ និង​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​ដើម្បី​បង្កើន​សេដ្ឋ​កិច្ច​​គ្រួ​សារ​ សង្គម​ និង​ប្រ​ទេស​ជាតិ។​​ ខ្ញុំ​សង្ឃឹម​ជឿ​ជាក់​ថា ​រាល់​បទ​បង្ហាញ​របស់​វា​គ្មិន​នៅ​ក្នុង​សន្និ​សីទ​នេះ​ នឹង​ផ្តល់​ចំ​ណេះ​ដឹង​ គំ​និត​និងការ​ចែក​រំ​លែក​បទ​ពិ​សោធន៍​ ដល់​អ្នក​ចូល​រួម​ទាំង​អស់​។

ជា​ទី​បញ្ចប់​ លោក ​ប្រ​ធាន​គណៈ​អ​ធិប​តី​ ក៏​បាន​ប្រ​កាស​បើកនិងកាត់ខ្សែបូសម្ភោធ​សន្និ​សីកិច្ចសហប្រតិបត្តការអន្តរជាតិប៊ែលធីលើកទី១ឆ្នាំ២០១៨ក្រោមប្រធានបទ​​​“ឳ​កាសទៅសិក្សានៅក្រៅប្រទេសសំរាប់និស្សិតកម្ពុជា​”​ ៕ ស រស្មី


ចែករំលែក៖