ខេត្តត្បូងឃ្មុំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយម៉ូតូបុកគ្នាយ៉ាងពេញទំហឹង លាន់ស្នូរដូចរន្ទះ បណ្តាលឲ្យម៉ូតូរងការខូចខាតស្ទើរទាំងស្រុង និងស្លាប់ស្រី្តម្នាក់នៅកន្លែងកើតហេតុ បុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។
ឧប្បត្តិហេតុគ្រថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវលំគីឡូម៉ែត្រ៥៤ ភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នគរបាលចរាចរ ស្រុកមេមត់ បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ជា ចាន់ធី ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ស្លាប់នៅនឹងកន្លែង។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ មានឈ្មោះ រុន ភឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុភាគីស្រី្តរងគ្រោះដែលបាត់បង់ជីវិតបើកម៉ូតូម៉ាកវីវ៉ាស៊េរីចាស់គ្មានស្លាក លេខ ធ្វើដំណើរតាមផ្លូវលំក្នុងភូមិខាងលើ ។ រីឯភាគីខាងប្រុសដែលរងរបួសធ្ងន់ បើកម៉ូតូ សង់កូរ៉េចាស់អត់ស្រទបនិងស្លាកលេខធ្វើដំណើរច្រាសទិសគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូស្រី្តខាងលើលាន់ស្នូរដូចរន្ទះ ធ្វើឲ្យម៉ូតូទាំងសងខាងរួញខូចខាតយ៉ាងដំណំរហូតដាច់ក របូតកង់ខាងមុខទៀតផង ។ បន្ទាប់មកគេឃើញភាគីស្រី្តបាត់បង់ជីវិតនៅកន្លែងកើតហេតុ ឯភាគីបុរសរងរបួសធ្ងន់ ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលចរាចរ ស្រុកចុះទៅដល់វាស់វែងនិងបានប្រគល់សាកសពស្រ្តីរងគ្រោះដល់គ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី