ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមេតុងទីនវេចលុយរាប់លានរៀលរត់បាត់ កូនៗ៣០៥នាក់ឆោឡោសុំអាជ្ញាធរជួយដោះស្រាយ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់ធ្វើជាមេតុងទីន ប្រមូលបានលុយរាប់លានរៀល ហើយរត់គេចខ្លួនបាត់ ៦ថ្ងៃហើយ រកមុខមិនឃើញធ្វើឲ្យកូនៗអ្នកលេងតុងទីនសរុប៣០៥នាក់ឆោឡោឡើង បានកាន់រូបថតមេតុងទីន ទៅប្តឹងអាជ្ញាធរសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៨ និង៣០ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨​ ។

កូនអ្នកតុងទីនប្រុសស្រីចំនួន៤នាក់ដំណាងឲ្យកូនៗចំនួន៣០៥នាក់បានមកសាលាសង្កាត់ចោមចៅទី៣ បានអះអាងថា ស្រ្តីមេតុងទីន គ្រាន់តែស្គាល់ឈ្មោះ ហេង ហេង ស្នាក់នៅ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ប្រភពដដែលបន្តទៀតថា ស្រ្តីខាងលើធ្វើជាមេតុងទីន ចំនួន២ក្បាល ក្នុងមួយក្បាល ២មុឺនរៀល ដោយក្បាលទី១ មានកូនអ្នកលេង១៥០ នាក់ ក្បាលទី២ មានកូនអ្នកលេង១៥៥នាក់ សរុបទាំង២ក្បាលចំនួន៣០៥នាក់ ហើយដេញប្រចាំថ្ងៃ ។

ការលេងតុងទីនខាងលើ ទើបតែលេងបាន៤ខែ ស្រាប់តែ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះ បែជាមេតុងទីនវេចលុយរត់គេចខ្លួនបាត់ ។

ក្រោយពីមេតុងទីនវេចលុយរាប់លានរៀល រត់គេចខ្លួនបាត់ បន្សល់ទុកកូនអ្នកលេងតុងទីនរងគ្រោះ ឆោឡោ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែមិថុនា នេះជនរងគ្រោះចំនួន៤នាក់ កាន់រូបថត ដែលអះអាងថាមេតុងទីន ទៅប្តឹងអាជ្ញាធរសង្កាត់ ឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវតាមស្វែងរកមេតុងទីខាងលើមកដោះស្រាយ ៕ សុខាសែនជ័យ


ចែករំលែក៖