ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរស៦នាក់ឆបោកជ្រើសរើសពលរដ្ឋឲ្យចូលបម្រើកងរាជអាវុធហត្ថដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងស្នងការយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ដែលធ្វើសកម្មភាពឆបោក និងជ្រើសរើសប្រជាពលរដ្ឋ ឲ្យចូលបម្រើជាកម្លាំងអាវុធហត្ថដោយខុសច្បាប់នោះ។

ការឃាត់ខ្លួនបុរសទាំង៦នាក់ខាងលើនេះបានប្រព្រឹត្តនៅរសៀល ថ្ងៃ អង្គារ ៧ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៨៩B ផ្លូវ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចូលរួមសហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ និងស្នងការយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ម៉ែន ហុង ស្ថិតក្រោម

លោកឧត្តមសេនីយ៍ទោ ម៉ែន ហុង ស្នងការយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលដឹកនាំឃាត់ខ្លួនជនសង្ស័យខាងលើបានឲ្យដឹងថា ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញារង អមអយ្យការតុលាការយោធា កម្លាំងចម្រុះបាន បានឃាត់បុគ្គលទាំង៦នាក់នោះ រួមមានទី១៖ឈ្មោះ ចក់ ស៊ាងលី ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង, ទី២៖ឈ្មោះ អ៊ូ ផល្លី ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះ៨៩បេ ផ្លូវ២០៤សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក, ទី៣៖ឈ្មោះ ច្រឹង វីរៈ ភេទប្រុស អាយុ៣៩ឆ្នាំ, ទី៤៖ឈ្មោះ គុំ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ, ទី៥៖ឈ្មោះ ជន សំរ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិ កណ្តឹងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ និងទី៦៖ឈ្មោះ ឡៅ ប៉ោឃាង ភេទប្រុស អាយុ៤៧ ឆ្នាំ ។

ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញដកហូតបាន ឯកសារបញ្ជីឈ្មោះ, គ្រឿងបំពាក់ សម្ភារអាវុធហត្ថមួយចំនួន និងម៉ូតូ០៣គ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការបញ្ជូនទៅតុលាការយោធា ៕ ប្រាថ្នា


ចែករំលែក៖