ព័ត៌មានទាន់ហេតុការណ៍៖

បុរសពាក់ឯកសណ្ឋាននគរបាលម្នាក់ជិះម៉ូតូបុករថយន្តគេពីក្រោយហើយទាមទារសំណងគេទៀត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ពាក់ឯកសណ្ឋាននគរបាល ជិះម៉ូតូទៅបុកពីក្រោយរថយន្តគេហើយ ទាមទារឲ្យអ្នកបើកបររថយន្តសងថ្លៃខូចខាតម៉ូតូរបស់ខ្លួនថែមទៀត ។

ហេតុការណ៍បានកើតឡើងកាលពី ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៣៥នាទី នៅចំណុចភ្លើងស្តប់ខាងលិចមន្ទីរពេទ្យសែនសុខ(IU) តាមបណ្តោយផ្លូវលេខ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពពីអ្នកបើកបររថយន្តឈ្មោះ ឌី ភេទប្រុស អាយុជាង២០ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានបើករថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A0187 ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតខ្លួនបានជាន់ហ្វ្រាំងឈប់រង់ចាំភ្លើងស្តុប(ភ្លើងក្រហហម) ពេលនោះ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G9651បើកបរដោយបុរសម្នាក់ឈ្មោះ ញឹម សុវណ្ណដេត ពាក់ឯកសណ្ឋាននគរបាល ជិះមកពីក្រោយហើយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក នឹងរថយន្តគាត់ពីក្រោយតែម្តង ។

ក្រោយមកអ្នកបើកបរម៉ូតូរករឿងអ្នកបើកបររថយន្តនោះឲ្យឈប់ ហើយទាមទារសំណងពីអ្នកបើកបររថយន្តនោះថែមទៀតផងធ្វើ ឲ្យប្រជាពលរដ្ឋដែលឃើញហេតុការណ៍ហួសចិត្តយ៉ាងខ្លាំង ។ ដោយពួកគាត់លើកឡើងថា អាងខ្លួនពាក់ឯកសណ្ឋាននគរបាល ជិះម៉ូតូទៅបុកគូថរថយន្តគេពីក្រោយហើយ មិនឃើញកំហុសខ្លួនឯង បែរជាទាមទារឲ្យគេសងថ្លៃខូចខាតទៀត ពិតជាអន់ចរិកមែន ។

ក្រោយកើតហេតុដោយសារតែអ្នកបើកបររថយន្តខ្ជិលវែងឆ្ងាយ ក៏សុំសងថ្លៃខូចខាតម៉ូតូ៥ម៉ឺនរៀល ដើម្បីបញ្ចប់រឿង ប៉ុន្តែខាងលោកពាក់ឯកសណ្ឋាននគរបាល មិនព្រមយកទេ គេទារឲ្យសងចំនួន៨ម៉ឺនរៀល ។ ក្រោយមក មាននគរបាលចរាចរខណ្ឌសែនសុខមកសម្របសម្រួល ទើបលោក ញឹម សុវណ្ណដេត ជាមន្ត្រីនគរបាលនោះព្រមយកលយ៥ម៉ឺនរៀលនោះបញ្ចប់រឿង ៕ តុង សីហា


ចែករំលែក៖