ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញម្សៅបូរ៉ាក់ ហាមឃាត់ ប្រហិត និងម្សៅលាបមុខ ខូចគុណភាពនៅផ្សារកំពងធំ សមត្ថកិច្ចដកហូតយកទៅកម្ទេចចោល

ចែករំលែក៖

ខេត្តកំពង់ធំ៖ ផលិតផលប្រហិត រសជាតិសាច់មាន់ ផលិតនៅប្រទេសថៃ ចំនួនមួយកញ្ចប់ ធំទម្ងន់កន្លះគីឡូក្រាម ម្សៅលាបមុខ ផលិតនៅប្រទេសសូវៀត ខូចគុណភាពចំនួន៤កំប៉ុង និងម្សៅបូរ៉ាក់មួយចំនួន ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី ចុះទៅដកហូតយកទៅកម្ទេចចោល។

ប្រតិបត្តិការនេះធ្វើឡើង នៅព្រឹក ថ្ងៃ ព្រហស្បតិ៍ ៩ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងផ្សារកំពង់ធំ ស្ថិតនៅសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា «ដោយគិតពីសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ មន្រ្តីកាំកុងត្រូលខេត្ត បានយកចិត្តទុក្ខដាក់ បានពិនិត្យតាមផ្ទះ និងតាមផ្សារកំពង់ធំ និយាយរួម គឺកណ្តាលទីរួម ខេត្តកំពង់ធំតែម្តង ហើយជាលទ្ធផល យើងបានរកឃើញប្រហិត រស់ជាតិសាច់មាន់ ផលិតនៅប្រទេសថៃ ចំនួនមួយកញ្ចប់ ទំងន់កន្លះគីឡូក្រាម ម្សៅលាបមុខ ចំនួន៤កំប៉ុង ផលិតនៅប្រទេសសូវៀត ខូចគុណភាពនិងម្សៅបូរ៉ាក់ ហាមឃាត់ ។ យើងបានធ្វើកំណត់ហេតុ ដកហូតយកទៅដុតកម្ទេចចោលផងដែរ»។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។ការធ្វើបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ដែលលោកមិនបានដឹងទិញយកទៅ ហូបឬប្រើប្រាស់នាំឲ្យប៉ះពាល់ដល់សុខភាព ៕ សហការី


ចែករំលែក៖