ខេត្តបន្ទាយមានជ័យ ៖ ជារឿងចៃដន្យ និងចាត់ទុកជាកម្មពៀរក៏ថាបាន ដែលបុរសម្នាក់ គ្មានប្រពន្ធកូន និងគ្មានផ្ទះសម្បែងនឹងគេទេ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម ពេលយក សត្វឆ្កែមួយក្បាលដែលកោសរោមរួចទៅលាងទឹកបំណងយកធ្វើម្ហូបក្លែមហើយបានធ្លាក់ចូលស្ទឹងដ៏ជ្រៅមួយក្នុងភូមិ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង២០ នាទីព្រឹក ថ្ងៃ ពុធ ៨ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអំពិល ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឃ្លោក ពឹង ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិអំពិល ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មិនមានប្រពន្ធ កូន និងមិនមាន ផ្ទះសំបែងនៅទេគឺច្រើនតែ ដើរនៅជាមួយគេឯង ហើយផឹកស្រា ជាប្រចាំ ដាច់បាយ ដាច់ទឹកស្ទើររាល់ថ្ងៃ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះផឹកស្រាស្រវឹងហើយបានយកសត្វឆ្កែអ្នកភូមិងាប់១ក្បាលទៅរោលភ្លើងឲ្យឆេះរោមអស់រួចច្រកការ៉ុងពណ៌ស គោលបំណង យកទៅលាងទឹកក្នុងស្ទឹងតែម្នាក់ឯង ។ លុះពេលទៅដល់ស្ទឹងស្រាប់តែជនរងគ្រោះ ប្រកាច់ញ័រៗដើរថយក្រោយធ្លាក់ចូលក្នុងទឹកស្ទឹងទាំងថង់ច្រកឆ្កែបណ្តាលឲ្យឈ្លក់ទឹកគ្មានអ្នកណាដឹងឡើយ។ក្រោយមកទើបអ្នកភូមិដឹង បានមកជួយ ស្រង់បុរសនេះយកឡើងមកលើគោកដើម្បីជួយសង្គ្រោះបឋម តែជនរងគ្រោះ បានស្លាប់ បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ បានធ្វើកោសល្យវិច័យលើសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកស្ទឹង ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា