ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញនិងរថយន្តដឹកដីបុកគ្នាក្រឡាប់ និងធ្លាក់បឹងតាមោក

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស្ទូចដឹកដុំក្រដាសមួយគ្រឿងបើកជែងជ្រុលចង្កូតទៅបុករថយន្តនីសាន់ ដឹកដីពេញទំហឹងបណ្តាយក្រឡាប់ផ្ងារជើងចាក់ដីចោល ហើយរថយន្តស្ទូចជ្រុលចង្កូចធ្លាក់បឹងតាមោក តែមិនបណ្តាលឲ្យអ្នកបើកបរទាំពីរនាក់រងរបួសនោះឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវលេខ១៥១ភូមិទួលសាគរ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តស្ទូចម៉ាកហុីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ កំពត3A 0043 មិនត្រូវបានស្គាល់ឈ្មោះអ្នកបើកនោះទេ ។ ចំណេករថយន្តដឹកដីម៉ាកនីសាន់ ពណ៌ខៀវ អត់ស្លាកលេខ បើកបរដោយឈ្មោះ សយ ចាន់ដារា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តនីសាន់ដឹកដីបើកក្នុងទិសដៅពីលិចទៅកើត តាមផ្លូវ១៥១ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស្ទូចបើកបរបញ្ច្រាសទិសគ្នាពីកើតទៅលិចបានជែង រថយន្តមួយគ្រឿងទៀត មិនចាំម៉ាកដែលកំពុងបើកបរស្របទិសដៅគ្នាជ្រុលទៅបុករថយន្តដឹកដីពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើងចាក់ដីចោល ។ ចំណែករថយន្តស្ទូចក៏ជ្រុលទៅឆ្វេងដៃធ្លាក់ចូលទឹកបឹងតាមោកតែម្តង ។

តាមនគរបាលឲ្យដឹងថា អ្នកបើកបរពុំបណ្តាលឲ្យរងរបួសឡើយ ។ រថយន្តទាំ២គ្រឿង ខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុវាស់វែងយករថយន្តទាំ២គ្រឿង ទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីដោះស្រាយសងការខូចខាត ៕ ធឿនព្រែកជ័យ

 


ចែករំលែក៖