ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចរ៉ឺម៉កកង់បីបានហើយ យកទៅសម្ងំទុកនៅក្នុងបរិវេណវត្តពោធិ៍ចិនតុង តែត្រូវសមត្ថកិច្ចប្រទះឃើញទើបឃាត់យកមកសាកសួរតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា៥ព្រឹក ថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ ក្នុងវត្តពោធិចិនតុង ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យ ឈ្មោះ ខឿន ដេវីត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ ស្រុកកំពង់ត្រាច ខេត្តកំពត ។ ចំណែកម្ចាស់កង់បី ឈ្មោះ អ៊ិន ស៊ីដេត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិស្វាយផ្អែម ឃុំដ្វាយអង្គ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុក្រោយមកពីរត់រ៉ឺម៉កវិញក៏ទុកនៅមុខបន្ទប់ជួលហើយចូលបន្ទប់សម្រាកលុះព្រឹកឡើងភ្ញាក់ពីដំណេកស្រាប់តែបាត់ម៉ូតូកង់បី ពីមុខបន្ទប់ជួល ទើបឆោឡោរត់ទៅប្តឹងប៉ូលីសប៉ុស្តិ៍ចោមចៅ១ ឲ្យជួយអន្តរាគមន៍ ភ្លាមៗ សមត្ថកិច្ចប្រកាសតាមប្រព័ន្ធវិទ្យុទាក់ទង គ្រប់បណ្តាប៉ុស្តិ៍រដ្ឋបាល និងខណ្ឌជុំវិញ ជួយឃ្លាំមើល ភិនភាគម៉ូតូកងបីមួយគ្រឿង ដែលជនរងគ្រោះបាត់ ។ កម្លាំងប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យ ល្បាត និងដើរឃ្លាំមើល នូវភិនភាគម៉ូតូកង់បី តាម ដែលប្រកាសបាត់ បែជាប្រទះឃើញ ចតទុកនៅក្នុងបរិវេណវត្តពោធិចិនតុង ហើយឃាត់ខ្លួនបានទាំងជនសង្ស័យ តែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំចាត់ការបន្ត ៕ សុខាសែនជ័យ