ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបិទដីកាកោះហៅ សម រង្ស៊ី នៅអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅម៉ោង៩ព្រឹក ថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មន្ដ្រីនគរបាលប៉ុស្តិ៍ ចាក់អង្រែលើបានយកដីការបស់តុលា ការកោះហៅ លោកសម រង្ស៊ី ទៅបិទ នៅអតីតទីស្នាក់ការគណបក្សសង្គ្រោះ ជាតិ។ ដីកាថ្មីនេះតុលាការបានកោះ ហៅលោកសម រង្ស៊ី ឲ្យចូលបំភ្លឺនៅ ម៉ោង៩ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ។

សូមរំឭកថា គិតចាប់ពីឆ្នាំ២០១៥មក ដល់ខែមិថុនា ឆ្នាំ២០១៨ យ៉ាងហោច ណាស់ក៏មានបណ្តឹងនៅតុលាការចំនួន ១០បណ្តឹងប្រឆាំងលោក សម រង្ស៊ី ដែល កំពុងរស់នៅក្រៅប្រទេស។

១-លោកសម រង្ស៊ី បានចោទប្រកាន់ ថា លោក ហោ ណាំហុង ជាប្រធានគុក បឹងត្របែក សម័យខ្មែរក្រហម។ បណ្តឹង​នោះបានកើតឡើងតាំងពីខែមេសា ឆ្នាំ ២០០៨ ហើយលោកសម រង្ស៊ី ត្រូវតុលា ការផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ។ នៅ ឆ្នាំ២០១៥ តុលាការសើរើសំណុំរឿងនេះ ឡើងវិញ នៅក្រោយពីនយោបាយរវាង លោក សម រង្ស៊ី នឹងសម្តេចហ៊ុន សែន មិនចុះសម្រុងគ្នា។

២-នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ លោក សម រង្ស៊ី ក៏ត្រូវបានតុលាការសាលាដំបូង រាជធានីភ្នំពេញចោទប្រកាន់ពីបទបរិហារ កេរ្តិ៍សម្តេច ហេង សំរិន ដោយសារតែ លោកសម រង្ស៊ី សរសេរក្នុងហ្វេសប៊ុក របស់លោកថា “របប៧មករា ១៩៧៩ ដែលដឹកនាំដោយសម្តេច ហេង សំរិន ក្រោយពីផ្តួលរំលំរបបខ្មែរក្រហមបាន កាត់ទោសប្រហារជីវិតលើសម្តេចព្រះ នរោត្តម សីហនុ ដោយ ចោទព្រះអង្គថាជា ជនក្បត់ជាតិ”។ ក្នុងសំណុំរឿងនេះ តុលាការកំពូលបានចេញសាលដីកា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ដោយ សម្រេចពិន័យលោក សម រង្ស៊ី ១០លាន រៀលចូលថវិការដ្ឋ និងប្រាក់សងជំងឺចិត្ត ជូនសម្តេច ហេង សំរិន ដែលជាដើម បណ្តឹងចំនួន២៥០លានរៀល។

៣-នៅក្នុងខែធ្នូ ឆ្នាំ២០១៥ តុលាការ សាលាដំបូងរាជធានីភ្នំពេញក៏បានចោទ ប្រកាន់លោកសម រង្ស៊ី ពាក់ព័ន្ធនឹងការ ចោទប្រកាន់របស់លោកលើរាជរដ្ឋាភិ បាលកម្ពុជាថាប្រើប្រាស់ផែនទីក្លែងក្លាយ ដើម្បីបោះបង្គោលកំណត់ព្រំដែនរវាង កម្ពុជានឹងវៀតណាម។ ក្នុងសំណុំរឿង នេះតុលាការសម្រេចផ្តន្ទាទោសឲ្យ លោក សម រង្ស៊ី ជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ។ តែអនុវត្តទោសក្នុងពន្ធនាគារ ៣ឆ្នាំប៉ុណ្ណោះ ហើយ ២ឆ្នាំទៀតត្រូវព្យួរ។

៤-ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី បានដាក់ពាក្យប្តឹងលោកសម រង្ស៊ី ពីបទផ្សាយព័ត៌មានមិនពិតតាមហ្វេសប៊ុក។ នោះគឺលោក សម រង្ស៊ី បានចោទ ប្រកាន់ថា ហ្វេសប៊ុករបស់សម្តេចហ៊ុន សែន ទិញ Like ក្លែងក្លាយ។ សំណុំរឿង នេះតុលាការសម្រេចឱ្យលោក សម រង្ស៊ី បង់ប្រាក់ចំនួន១០លានរៀល(២.៥០០ ដុល្លារ)ចូលរដ្ឋ និង១៥លានរៀល (៣.៧៥០ដុល្លារ)ឲ្យទៅដើមបណ្តឹង។

៥-កាលពីចុងឆ្នាំ២០១៦ លោក សម រង្ស៊ី ត្រូវបានប្តឹងចោទប្រកាន់ពីបទ “បរិ ហារកេរ្តិ៍ជាសាធារណៈ” និងបទ “ញុះ ញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។ លោក សម រង្ស៊ី បានចោទសម្តេចតេជោ ហ៊ុន សែន ថា នៅពីក្រោយខ្នងនៃអំពើឃាត កម្មលើលោក កែម ឡី ដែលជាអ្នកវិភាគ នយោបាយដ៏ល្បីនៅកម្ពុជា។ សំណុំរឿង នេះតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ និងបង់ប្រាក់ ចំនួន១០លានរៀល។

៦-ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ លោកមេធាវី គី តិច បានដាក់ពាក្យប្តឹង លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជា សាធារណៈដោយសារតែលោកសម រង្ស៊ី លើកឡើងតាមវីដេអូបង្ហោះក្នុង ហ្វេសប៊ុកថា សម្តេចតេជោ ហ៊ុន សែន បានសូក ធី សុវណ្ណថា ១លានដុល្លារ ដើម្បីឲ្យវាយប្រហារឲ្យរករឿងធ្វើបាតុកម្ម ប្រឆាំងគណបក្សសង្គ្រោះជាតិ។ ក្នុង សំណុំរឿងនេះតុលាការសម្រេចឲ្យ លោកសម រង្ស៊ី សងជំងឺចិត្តដល់សម្តេច ហ៊ុន សែន ៤០០០លានរៀល។

៧-កាលពីខែធ្នូ ឆ្នាំ២០១៧ មេធាវី របស់កងយោធពលខេមរភូមិន្ទដាក់ ពាក្យប្តឹងលោកសម រង្ស៊ី ដោយសារតែ លោកសម រង្ស៊ី បានប្រកាសអំពាវនាវឲ្យ កងទ័ពក្រោកឈរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។ តុលាការបានចោទប្រកាន់ លោក សម រង្ស៊ី ពីបទញុះញង់កុំឲ្យយោ ធិនស្តាប់បង្គាប់ធ្វើឲ្យខូចទឹកចិត្តកងទ័ព។

៨-កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងមហាផៃ្ទបានដាក់ពាក្យប្តឹងលោក សមរង្ស៊ី ពីបទបង្កើតចលនាសង្គ្រោះជាតិ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុង សង្គមប៉ះពាល់ដល់សន្តិសុខជាតិក្នុង គោលបំណងផ្តួលរំលំអាជ្ញាធរស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

៩-កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ លោក សម រង្ស៊ី ត្រូវបានប្តឹងចោទប្រកាន់ ក្នុងដំណើររឿងពីការចុះកិច្ចព្រមព្រៀង ជាមួយឈ្មោះ កុក ស នៅថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងការកាត់ ទឹកដី៤ខេត្ត ឲ្យជនជាតិដើមភាគតិច ដេហ្កា (ម៉ុងតាញ៉ា)គ្រប់គ្រង។

១០-នៅខែមិថុនា ឆ្នាំ២០១៨ លោក សម រង្ស៊ី ក៏ត្រូវបានតុលាការចោទប្រកាន់ ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ ដោយសារតែលោកសម រង្ស៊ី លើកឡើង ថា ព្រះរាជសារដែលព្រះមហាក្សត្រ អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជា ព្រះរាជសារក្លែងក្លាយ ហើយបើជាព្រះ រាជសារពិតក៏ព្រះមហាក្សត្ររងការគំរាម កំហែងផងដែរ។

រំឭកប្រវត្តិត្រួសៗរបស់លោកសម រង្ស៊ី ពាក់ព័ន្ធនឹងការរត់ចោលស្រុកដោយសារ តែការប្តឹងនៅតុលាការ៖

កើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ លោក សម រង្ស៊ី បានចាកចេញពីកម្ពុជា ទៅរស់នៅប្រទេសបារាំង កាលពីឆ្នាំ ១៩៦៥។ នៅបារាំងលោកសម រង្ស៊ី បាន រៀន និងធ្វើការពាក់ព័ន្ធនឹងវិនិយោគសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ។

លោក សម រង្ស៊ី ជាកូនរបស់លោក សម សារី ដែលជារដ្ឋមន្ត្រីក្នុងសម័យ សង្គមរាស្ត្រនិយមរបស់សម្តេចព្រះ នរោត្តម សីហនុ។ តែក្រោយមកលោក សម សារី ក៏មានឈ្មោះជាជនក្បត់ជាតិប្រឆាំងនឹង សម្តេចព្រះ នរោត្តម សីហនុ។

លោកសម រង្ស៊ី បានចូលរួមនយោបាយ ជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយបាន វិលត្រឡប់មកប្រទេសកម្ពុជានៅឆ្នាំ ១៩៩២។ លោកសម រង្ស៊ី បានក្លាយជាអ្នក តំណាងរាស្ត្ររបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រចាំមណ្ឌលខេត្តសៀមរាប ចាប់ពីឆ្នាំ ១៩៩៣ដល់ឆ្នាំ១៩៩៥។ នៅឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៤ លោកសម រង្ស៊ី ធ្វើជារដ្ឋ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រោយពីត្រូវបណ្តេញចេញពីរដ្ឋសភា នៅខែមិថុនា ឆ្នាំ១៩៩៥ លោកសម រង្ស៊ី បានទៅបង្កើតគណបក្សមួយឈ្មោះថា “គណបក្សជាតិខ្មែរ” ហើយក្រោយមក បានប្តូរឈ្មោះជា “គណបក្សសម រង្ស៊ី” ដើម្បី ចូលរួមការបោះឆ្នោតនៅឆ្នាំ១៩៩៨។

លោក សម រង្ស៊ី បានចាកចេញពី ប្រទេសកម្ពុជាលើកដំបូង ដើម្បីគេចពីការ ចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៥ ក្រោយពីរដ្ឋសភាបានប្រជុំដកអភ័យឯកសិទ្ធិសភារបស់លោក រួមទាំងលោក ជា ប៉ូច និងលោក ជាម ចន្នី។ លោកសម រង្ស៊ី កាលណោះត្រូវបានចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ ដោយសារតែលោកចោទ ប្រកាន់ថា គណបក្សប្រជាជនកម្ពុជាបានសូកប៉ាន់ដល់គណបក្សហ្វុ៊នស៊ិនប៉ិច ដើម្បី បង្កើតរដ្ឋាភិបាលចម្រុះ។ ក្នុងរឿងក្តីនេះ តុលាការបានផ្តន្ទាទោសកំបាំងមុខលោកសម រង្ស៊ី ដាក់ពន្ធនាគារ១៨ខែ។ ប៉ុន្តែនៅ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០៦ លោកសម រង្ស៊ី បានទទួលការលើកលែងទោសពីព្រះ ករុណា ព្រះមហាក្សត្រ សម្តេចព្រះបរម នាថ នរោត្តម សីហមុនី តាមការទូលស្នើសុំ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកសម រង្ស៊ី បានវិលត្រឡប់ ចូលមក ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០០៦។

នៅខែកញ្ញា ឆ្នាំ២០១០ លោក សម រង្ស៊ី បានរត់គេចខ្លួនទៅក្រៅប្រទេសជាថ្មី ទៀត។ លោកសម រង្ស៊ី កាលណោះត្រូវ បានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១០ឆ្នាំពាក់ព័ន្ធនឹងសំណុំរឿងដកបង្គោល តម្រុយព្រំដែនកម្ពុជា-វៀតណាមនៅខេត្ត ស្វាយរៀង។

រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ដោយមានការចរចានយោបាយសម្តេច តេជោ ហ៊ុន សែន បានសរសេរលិខិត ទូលថ្វាយព្រះមហាក្សត្រ សម្តេចព្រះបរម នាថ នរោត្តម សីហមុនី ដើម្បីលើកលែង ទោសដល់លោក សម រង្ស៊ី។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ លោកសម រង្ស៊ី បាន វិលត្រឡប់មកដល់រាជធានីភ្នំពេញ ដើម្បី ដឹកនាំគណបក្សសង្គ្រោះជាតិចូលរួមការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។

ចុងក្រោយលោកសម រង្ស៊ី បានរត់ចេញ ពីប្រទេសកម្ពុជាជាថ្មីនៅចុងឆ្នាំ២០១៥ ដើម្បីគេចពីបណ្តឹងនៅតុលាការ។ រហូត ដល់ខែមិថុនា ឆ្នាំ២០១៨ មិនមានការ សម្របសម្រួលនយោបាយណាមួយ ដើម្បីឲ្យលោកសម រង្ស៊ី អាចវិលត្រឡប់ ចូលប្រទេសកម្ពុជា ដើម្បីបន្តអាជីព នយោបាយឡើងវិញនៅឡើយទេ៕ ម៉ែវ សាធី


ចែករំលែក៖