ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីបញ្ចូលមេជីវិតឲ្យស្ត្រីខ្មែរពពោះឃាត់ទាំងមេការចិនបាន៤០នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខណ្ឌឫស្សីកែវ កម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានរាជធានីភ្នំពេញអាជ្ញាធរខណ្ឌឫស្សីកែវរួមជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវបានចុះបង្ក្រាបករណី បញ្ចូលមេជីវិតឲ្យពពោះដោយឃាត់ខ្លួន បុរសជនជាតិចិនម្នាក់ស្ត្រីខ្មែរមានផ្ទៃពោះជាង៤០នាក់ និងមេការ២នាក់ផងដែរ ។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ៩កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ២អា និង៩អា ក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះ មានការសម្របសម្រួលពីព្រះរាជអាជ្ញារង កួច គឹមទ្បុង។ ជាលទ្ធផលក្នុងការបង្ក្រាបនេះសមត្ថកិច្ចឃាត់ខ្លូនបានជនសង្ស័យ ម្នាក់ឈ្មោះ LlU QlANG ភេទប្រុស អាយុ ៤៩ឆ្នាំ (ជនជាតិចិន) និងស្ត្រីពពោះចំនួន ជាង៤០នាក់ មេការ២នាក់ និងដកហូត រថយន្ត២គ្រឿង រួមមានរថយន្តឡិចស៊ីស ៤៧០ រថយន្តសាំយ៉ុង និងម៉ូតូ១គ្រឿងផង ដែរ ។

ជនសង្ស័យ និងស្ត្រីខ្មែរពពោះរួមទាំងមេការនិងរថយន្តត្រូវបានសមត្ថកិច្ចប្រគល់ឲ្យការិយាល័យប្រឆាំងការជួញដូរមនុស្ស ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ចំពោះករណីខាងលើនេះសមត្ថកិច្ច កំពុងបន្តសួរនាំទៅលើស្ត្រីពពោះទាំងនោះ ដើម្បីចង់ដឹងថា អ្នកណានៅពីក្រោយខ្នង រឿងនេះ ហើយការពពោះនោះក្នុងគោល បំណងអ្វីឲ្យច្បាស់លាស់។ បញ្ហានេះសមត្ថ កិច្ចមិនទាន់ប្រាប់លម្អិតនៅឡើយទេ ព្រោះ កំពុងស្រាវជ្រាវ និងបន្តនីតិវិធី ៕ អរុណរះ


ចែករំលែក៖