ព័ត៌មានទាន់ហេតុការណ៍៖

លួចមិនទាន់បានផងនគរបាលចាប់ខ្លួនល្មម

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដទៃ និងដកហូតបានសោខ្សៀរ លេខ១០ ចំនួន១ដើម និងផ្លែទុលណឺវីសកែច្នៃចំនួន 2 ដើម ។

ការឃាត់ខ្លួន ជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅនៅចំណុចផ្ទះសំណាក់ថាយហេង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យខាងលើមានឈ្មោះ ផានីជុន សំសាវីន ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់ក្រូច ឃុំកូប ស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង ។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ូ ថាយ ភេទប្រុស អាយុ 35 ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បុគ្គលិករោងចក្រ ស្នាក់នៅផ្ទះលេខ 323 ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យរាជធានីភ្នំពេញ (ជាម្ចាស់ផ្ទះសំណាក់យីហោថាយ ហេង) ។

សាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុនៅថ្ងៃទី 20 ខែមិថុនាឆ្នាំ 2018 វេលាម៉ោងប្រហែល 10 ព្រឹកជនសង្ស័យខាងលើបានមកជួលបន្ទប់គេង(បន្ទប់លេខ 6 ជាន់ទី 2 )នៅផ្ទះសំណាក់យីហោ ថាយ ហេង ស្ថិតនៅភូមិក្បាលដំរី 2 សង្កាត់កាកាបទី 2 ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងបន្តគេងរហូតដល់ថ្ងៃទី២២ ខែមិថុនាឆ្នាំ ២០១៨វេលាម៉ោងប្រហែល ៣ និង ៣០ នាទីទៀបភ្លឺ ជនសង្ស័យបានដើរចុះក្រោមលបៗ ហើយដោយមានទទូលកន្សែងលើក្បាល(នេះបើតាមមើលតាមរយៈកាមេរ៉ាសុវត្ថិភាពដែលចាប់រូបភាពចំទីតាំងទុកម៉ូតូរបស់ភ្ញៀវ)ហើយដើរទៅមុខទៅក្រោយតែម្នាក់ឯងគួរឲ្យសង្ស័យ ក្រោយពេលដែលអ្នកយាមបានបិទទ្វារមុខហើយចូលគេងក្នុងបន្ទប់បាត់ ។

លុះព្រឹកឡើងថ្ងៃដដែលវេលាម៉ោង ៧ និង៤០ នាទីព្រឹក ម្ចាស់ផ្ទះសំណាក់បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាពពីសកម្មភាពរបស់ភ្ញៀវចេញចូលនៅពេលយប់ ។ ក៏ឃើញសភាពគួរឲ្យសង្ស័យរបស់ជនសង្ស័យខាងលើបានហើយក៏បានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលកាកាបទី 2 សួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅឲ្យផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរបន្ត និងឃុំខ្លួនជាបណ្ដោះអាសន្ន ៕ សុខាសែនជ័យ


ចែករំលែក៖