ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធ សួនសត្វភ្នំពេញសាហ្វារី (Phnom Penh World Safari) ដែលជាសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ។
សួនសត្វភ្នំពេញសាហ្វារី គឺជាព្រៃកម្សាន្ដភ្នំពេញទី១ដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា វិនិយោគសាងសង់ដោយ អិល វ៉ាយ ភី គ្រុប (LYP Group) ដែលមាន លោកឧកញ៉ា លីយ៉ុង ផាត់ជា ម្ចាស់ក្រុមហ៊ុនផ្ទាល់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
សួនសត្វនេះ វិនិយោគអស់ទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក ដែលជាសួនសត្វដ៏ធំដំបូងគេនៅកម្ពុជាដែលបានសាងសង់នៅលើផ្ទៃដីជាង ៦០ហិតាក្នុងជំហានទី១។ សួនសត្វនេះហ៊ុមព័ទ្ធទៅដោយរចនាបថដ៏សម្បូរបែបលំនាំតាមសម័យអង្គរ ទាំងក្នុង និងក្រៅ អមជាមួយព្រៃឈើរាប់សិបហិកតា ជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់សម្រាកលំហែកាយ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញដាក់សម្ពោធជាផ្លូវការ សួនសត្វ ភ្នំពេញសាហ្វារី នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាព នឹងអបអរសាទរ ចំពោះក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលពេលនេះបានបង្កើតនូវសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ ដែលទីនេះនឹងក្លាយជាកន្លែងទាកទាញទេសចរណ៍កម្សាន្ត សម្រាកលំហែលកាយ និងសម្រាប់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សបានមកកំសាន្ត និងសិក្សាអំពីជីវិតរស់នៅនៃសត្វដ៏កម្ររបស់កម្ពុជាយើង។ សួនសត្វនេះ ក៏នឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនដែលរស់នៅជាប់តំបន់នេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យ ក្រុមហ៊ុន លោក លីយ៉ុងផាត់ ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតពិសេសផ្លូវថ្នល់ដើម្បីបម្រើឲ្យបានគ្រប់គ្រាន់នៅក្នុងតំបន់នេះឲ្យកាន់តែងាយស្រួល។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅតំបន់នេះក្រៅពីសួនសត្វសាហ្វារីថ្មីក៏មាននូវ សណ្ឋាគារលំដាប់ផ្កាយ៥ ទីលានវាយកូនគោលទំនើប ពហុកីឡដ្ឋានជាតិ និងវិមានឈ្នះ-ឈ្នះដែលកំពុងសាសងសង់ជិតរួចរាល់ហើយ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់សារជាថ្មីអំពីការបង្កើតវិមានឈ្នះ-ឈ្នះ នេះគឺ ដែលជាទីកន្លែងប្រវត្តិសាស្ត្រមួយទៀតដើម្បីប្រជាពលរដ្ឋ និងកូនក្មួយយុវជន បានសិក្សាស្វែងយល់នឹង ចង់ចាំអំពីកម្ពុជាដែលបានបញ្ចប់សង្គ្រាមទាំងស្រុងក្នុងរយៈពេល ២០ឆ្នាំដោយសារស្នាដៃកូនខ្មែរ និងដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេ ជោ ហ៊ុន សែន។ វិមានឈ្នះ-ឈ្នះនេះនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី ២៩ ធ្នូ ២០១៨ ខាងមុខនេះ ដែលពិធីនេះនឹងធ្វើឡើងយ៉ាងឧឡារឹកបំផុត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទាំងវិស័យរដ្ឋ និងវិស័យកជនពិតបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិ ទន្ទឹមនឹងនោះដែរ គឺគ្រប់វិស័យឯកជនទាំងអស់ក៏បានបង់ប្រាក់ពន្ធឲ្យរដ្ឋ ដើម្បីរដ្ឋមានលទ្ធភាពគ្រប់គ្រាន់បើកជាប្រាក់ខែដល់មន្រ្តីរាជការក្នុងការបម្រើសេវានានាជូនពលរដ្ឋ។
សម្តេចតេជោបានបញ្ជាក់សារជាថ្មីថាក្រោយពីប្រទេសទទួលបាននូវសន្តិភាពពេញលេញហើយ គឺយើងបានជំរុញការកសាងប្រទេសជាតិ ដែលបានកំណត់ទិសដៅក្នុងការប្រែក្លាយកម្ពុជាអោយក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានមហិជ្ជតាប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួបតែសេចក្តីសុខចម្រើន ។ បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានកាត់ខ្សែបូរ និងអញ្ជើញចូលទស្សនាការសម្តែងរបស់សត្វនៅក្នុងសួនសត្វភ្នំពេញ សាហ្វារី ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ