ព័ត៌មានទាន់ហេតុការណ៍៖

សង្វៀនជល់មាន់ និងវង់អាប៉ោងថ្មីកំពុងបើកលេងយ៉ាងគគ្រឹកកគ្រេងអ្នកតូចមិនហ៑ានទៅក្បែរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ល្បែងជល់មាន់ក៏ដូចជាអាប៉ោងកំពុងត្រូវបានបើកឲ្យលេងយ៉ាងសម្បើមដោយមិនខ្លាចរអាច្បាប់បន្តិចណាទាក់តែសោះជាពិសេសគោលការណ៍ភូមិ ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យថ្នាក់ក្រោមជាតិអនុវត្តតែម្តង ។ ជាក់ស្តែងវង់ល្បែងអាប៉ោងក៏ដូខជាជក់មាន់របស់លោកគឺ ដែលមានភាគហ៑ុនជាមួយមន្ត្រីយោធាអន្រ្ទើសៗនោះ បាននឹងកំពុងបើកលេងដោយប្រមូលលុយបានរាប់សិបលានរៀលក្នុងមួយថ្ងៃៗ ។

ការបើកឲ្យលេងនេះ ត្រូវបានម្ចាស់អះអាងថា បានបង់លុយឲ្យអស់លោកសមត្ថកិចចគ្រប់ជំនាញអស់ហើយ លើកលែងតែគ្រូពេទ្យ និងគ្រូបង្រៀនតែប៉ុណ្ណោះ ។ ការអះអាង និងលើកឡើងរបស់ក្រុមមេល្បែងទាំងនេះ មិនដឹងជាពិត ឬមិនពិតនោះទេ ជួនកាលពួកគេគ្រាន់តែយកឈ្មោះមេៗមកបន្លាចកូនចៅថ្នាក់ក្រោមក៏ថាបាន ។

ចំពោះអ្នកញៀនល្បែងជល់មាន់ និងអាប៉ោងបើចង់ទៅលេង សូមទាក់ទងតាមខ្សែបណ្តោយ(មេ)នោះ នឹងមានអ្នកនាំផ្លូវទៅជាក់ជាមិនខានឡើយ ដោយគ្រាន់តែជិះឡាន ឬម៉ូតូតាមផ្លូវមុខសាលាខេត្តឆ្ពោះទៅទិសខាងត្បូងហួសឃុំស្គុះ នឹងទៅដល់ភមិថ្នល់់បត់់់់ឃុំក្រាំងអំពិល ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពេលទៅដល់ មានអ្នកចាំនាំផ្លូវចូលទៅសង្វៀននោះជាក់ជាមិនខានឡើយ តែបើមិនឃើញអ្នកនាំផ្លូវទេ គ្រាន់តែសួររកផ្លូវចូលទៅបន្ទាយទាហាន ដែលទើបនឹងមកដាក់ថ្មី(ថ្លុកតាសេក) នៅទីនោះអ្នកណា ក៏ស្គាល់ដែរ ព្រោះនៅជិតបន្ទាយ E70តែម្តង ។ មានផ្លូវមួយខ្សែទៀតគឺចេញពីផ្លូវសាលាស្រុកគងពិសី តាមផ្លូវទៅភ្នំជាលប្រមាណជាជិតដល់វត្តជ្រោះកន្លង អាចសួររកផ្លូវទៅសង្វៀននោះបានដូចគ្នា ។

សង្វៀនជល់មាន់ និងអាប៉ោងនោះត្រូវបានដឹងថា មានសុវត្ថិភាពគ្រប់គ្រាន់ ព្រោះតែអ្នកកាងនៅទីនោះ សុទ្ធតែមានឋានៈបុណ្យស័ក្តិធំៗសម្បើមណាស់ ដែលអាជ្ញាធរថ្នាក់ក្រោមល្មមៗមិនហ៑ានឡើយ កុំថាបង្ក្រាប សូម្បីតែទៅអើតមើល ក៏មិនហ៑ានដែរ ។

ប្រភពបានឲ្យដឹងថា អ្នកចូលចិត្តទៅលេងអាប៉ោង និងជល់មានភាគច្រើនជាអ្នកមកពីចម្ងាយ អ្នកមូលដ្ឋានមិនសូវមាននោះទេ បើមាន ក៏តិចតួចដែរ ។ មន្ត្រីនគរបាលមូលដ្ឋានមួយរូបធ្លាប់លឺម្ចាស់ភាគហ៑ុនមួយរូបរអ៑ូថារាល់ថ្ងៃនេះ តុងមិនសូវបាននោះទេ ព្រោះខាងទាហានគេចង់បាញ់អាប៉ោងតែឯង ខាងលោកមានតែមាន់ ដូច្នេះចំណូលបានតិចជាងខាងទាហាន ។ បើទោះជាយ៉ាងណាក៏ត្រូវតែខំ ព្រោះបានប្រមូលលុយបង់ឲ្យមេៗខេត្តអស់ច្រើនគួរសម ហើយដែរ បើមិនខំកៀងគរគ្នាមកលេងខ្លាចខាតដើម ។

មន្ត្រីដដែលនេះបន្តថា មិនដឹងថាតើការបើកឲ្យមានការលេងល្បែងជល់មាន់ និងអាប៉ោងនេះ ថ្នាក់ដឹកនាំបានជ្រាបដែរឬទេ ថាក្រុមមនុស្ស ដែលញៀនល្បែងទាំងនេះបានយកឈ្មោះអស់លោកមេៗ មកបិទបាំង ព្រោះតែប្រយោជន៍បក្ខពួកខ្លួន ។

បើតាមការបង្ហើបប្រាប់ពីសំណាក់មន្ត្រីនគរបាលមួយរូប គឺចំពោះការបើកលេង គឺគេលេងបានពីរអាទិត្យហើយដែរ ដោយចំណូលបានពីអាប៉ោងរាប់លានរៀលក្នុង១ថ្ងៃៗ ហើយចំពោះថ្ងៃសៅរ៍ និងថ្ងៃអាទិត្យគឺបានច្រើនជាងថ្ងៃធម្មតា ព្រោះថាមនុស្សបុកទៅលេងច្រើន ។

ប្រជាពលរដ្ឋរស់នៅក្បែរតំបន់ខាងលើបានសំណូមពរទៅលោកស្នងការខេត្ត មេត្តាចាត់វិធានការបង្ក្រាបដសង្វៀនជល់មាន់ និងអាប៉ោងនេះផង បើមិនដូច្នោះទេ ប្រជាពលរដ្ឋច្បាស់ជាដេកមិនលក់ជាមិនខានឡើយ ព្រោះថាវង់ល្បែងបានមកបើកលេងនៅជិតភូមិ ឃុំរបស់ពួកគាត់បែបនេះ ។ ពលរដ្ឋនៅមូលដ្ឋានខាងលើមានសង្ឃឹម និងជឿជាក់តែលើលោកអភិបាលតែម្នាក់គត់ ដែលអាចចាត់វិធានការបង្ក្រាបសង្វៀនជល់មាន និងអាប៉ោងនេះបាន ។ ជាងនេះទៅទៀត ក៏មានការរិះគន់ទៅលើថ្នាក់ដឹកនាំយោធានៅតំបន់ខាងលើផងដែរថា ខ្លួនជាកងកម្លាំង ដែលមានតួនាទីភារកិច្ចការពារជាតិ និងសន្តិសុខសង្គមដូចប៉ូលិស និងប៉េអឹមដែរ តែមិនគួរណាមករួមគំនិតបង្កើតឲ្យមានកន្លែងភ្នាល់ស៊ីសងខុសច្បាប់បែបនេះឡើយ ។

សូមរំលឹកថា បុរស ដែលញៀនល្បែងខ្លាំងខាងលើបានបើកលេងចល័តពីកន្លែង១ទៅកន្លែង១ដោយចាប់ផ្តើមចេញពីក្រុងច្បារមនទៅឧដុង្គ និងថ្ពងរួចត្រឡប់មកវិញ លើកនេះមកស្រុកសំរោងទងតែម្តង ។ មហាជនរង់ចាំមើលថា តើសង្វៀនជល់មាន ដែលបើកលើកក្រោយហ៑ុនគ្នាជាមួយអស់លោកមេទាហាននេះ អាចមានវាសនាលេងបានដល់ពេលណា នៅពេលដែលដំណឹងនេះ ជ្រាបដល់លោកស្នងការ និងខាងកងរាជអាវុធហត្ថហើយនោះ?

ពាក់ព័ន្ឋនឹងការលើកឡើងខាងលើនេះដែរ អ្នកយកព័ត៌មានបានទាក់ទងសុំការពន្យល់បកស្រាយពីលោកជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តដែរ តែមិនអាចទាក់ទងបានឡើយ ដោយឡែកលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តបានបដិសេធថា “លោកមិនបានពាក់ព័ន្ឋជាមួយក្រុមមេល្បែងទាំងនោះទេ ហើយក៏គ្មានការពាក់ព័ន្ឋរឿងលាភសក្ការៈអ្វីដែរ ចំពោះរឿងនេះ លោកសូមបដិសេធទាំងស្រុង” រឿងនេះលោកនឹងចាត់ឲ្យលោកអធិការចុះស្រាវជ្រាវដើម្បីឈានដល់ការបង្ក្រាប ៕ សេនាស័ក្តិ


ចែករំលែក៖