ព័ត៌មានទាន់ហេតុការណ៍៖

ដូណាល់ ត្រាំ៖ កូរ៉េខាងជើងបានបំផ្លាញទីតាំងសាកល្បងបរមាណូធំៗ៤កន្លែង

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា កូរ៉េខាងជើងបានបំផ្លាញ ទីតាំងសាកល្បងបរមាណូ៤កន្លែងធំៗនៅក្នុងប្រទេសនេះ។ សកម្មភាពខាងលើគឺជាសញ្ញាបង្ហាញឲ្យឃើញថា ទីក្រុងព្យុងយ៉ាងពិតជាមានបំណងបោះបង់ចោលបរមាណូ ដើម្បីទទួលបានសន្តិភាព និងការអភិវឌ្ឍ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនៅ សេតវិមាន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា «កូរ៉េខាងជើងបានផ្អាកសកម្មភាពដឹកជញ្ជូនមីស៊ីល ក្នុងនោះមាន មីស៊ីលឆ្លងទ្វីប កូរ៉េខាងជើងបានបំផ្លាញ ទីតាំងសាកល្បងមីស៊ីលឆ្លងទ្វីប។ ជាការ ពិតកូរ៉េខាងជើង បានបំផ្លាញទីតាំងសាកល្បងធំៗចំនួន៤។ ចំណុចសំខាន់នោះ គឺ ដំណើរការលុបបំបាត់បរមាណូកំពុងតែចាប់ផ្តើម។

មេដឹកនាំអាមេរិកបានវាយតម្លៃខ្ពស់ ដល់ជំនួបជាប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី។ ប្រធានាធិបតី អាមេរិកបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង បានចាត់ទុកបរមាណូ គឺជាការស្លាប់រស់ ក្នុងការប្រឈមមុខជាមួយអាមេរិក ប៉ុន្តែ មេដឹកនាំ គីម ជុងអ៊ុន បានបញ្ជាក់ថា កូរ៉េខាងជើងនឹងបញ្ចប់កម្មវិធីបរមាណូប្រសិនបើសន្តិសុខត្រូវបានធានា។

កន្លងមករដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បញ្ជាក់ថា លោកមិនទាន់ទទួលបានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពឆ្ពោះទៅរកការលុបបំបាត់បរមាណូ ចាប់តាំងពីជំនួបជាប្រវត្តិសាស្ត្រ នៅថ្ងៃទី ១២ ខែមិថុនានោះទេ។

កន្លងមកសារព័ត៌មាន 38 North របស់ អាមេរិកបានផ្សាយថា តាមរូបភាពផ្កាយ រណប កូរ៉េខាងជើងបានបំផ្លាញទីតាំង សាកល្បងកាំជ្រួចមីស៊ីលនៅជិតទីក្រុង Kusong ភាគខាងជើងប្រទេសនេះ។

កន្លងមកអាមេរិក និងកូរ៉េខាងជើង បាន ព្រមព្រៀងគ្នាក្នុងការបញ្ជូនធាតុទាហានអាមេរិកនៅក្នុងសង្គ្រាមឧបទ្វីបពីកូរ៉េខាងជើងទៅកាន់អាមេរិកវិញនៅពេលឆាប់ៗខាងមុខតាមកិច្ចព្រមព្រៀងប្រទេសទាំងពីរ។ នៅពេលនេះដែរកូរ៉េខាងជើងបាន អនុញ្ញាតឲ្យបញ្ជូនធាតុទាហានអាមេរិក ២០០នាក់ទៅស្រុកវិញ។

ទាហានអាមេរិកប្រមាណ៣៦.៥០០នាក់ស្លាប់នៅក្នុងសង្គ្រាមឧបទ្វីបកូរ៉េ ក្នុងនោះមាន៧.៦០០នាក់មិនទាន់រកឃើញធាតុនៅឡើយ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា កូរ៉េខាងជើងបានប្រគល់ ធាតុទាហានអាមេរិក២០០នាក់កាលពី សម័យសង្គ្រាម ឆ្នាំ១៩៥០-១៩៥៣ វិល ត្រឡប់ទៅស្រុកវិញ។

ការប្រគល់ធាតុទាហានគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខា នៅ ក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី១២ ខែមិថុនា នៅក្នុងប្រទេសសិង្ហបុរី៕ ម៉ែវ សាធី


ចែករំលែក៖