ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងប៉ះជាមួយម៉ូតូនៅលើស្ពានជ្រោយចង្វាបណ្តាលឲ្យនារីម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តក្រុងដឹងអ្នកដំណើរប៉ះជាមួយម៉ូតូប្តីប្រពន្ធ២នាក់ជិះឌុបគ្នា នៅលើស្ពានជ្រោយចង្វា បណ្តាលឲ្យប្រពន្ធស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោងជាង៥ល្ងាច ថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វាថ្មី ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបើកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1B 8124 ប្តីមានឈ្មោះចិន្តា អាយុ៣០ឆ្នាំ និងសពស្ត្រីជាប្រពន្ធមានឈ្មោះ ម៉ន ពៅ អាយុ២៨ឆ្នាំ មុខរបរ ជាកម្មការិនីរោងចក្រ អ្នកទាំង២នាក់ មានទីលំនៅភូមិព្រៃក្រឡាញ់ ឃុំព្រៃស្រលិត ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែករថយន្តក្រុង ពណ៌ស លាយខៀវ ពាក់ស្លាកលេខ រដ្ឋ 37 3.0017 មិនបានស្គាល់ឈ្មោះអ្នកបើកនោះទេ ។

ប្រភពព័ត៌មានពីប្តីនារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូឌុបប្រពន្ធឆ្លងស្ពានជ្រោយចង្វា ដោយបើកស្របទិសគ្នាជាមួយរថយន្តក្រុងខាងលើ ពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុម៉ូតូគាត់បានគេចម៉ូតូកង់បីមួយគ្រឿង បណ្តាលឲ្យដៃចង្កូតម៉ូតូទៅប៉ះជាមួយរថយន្តក្រុង ដួលខ្ទាតប្រពន្ធចូលកង់រថយន្តកិនក្បាលស្លាប់តែម្តង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញមកយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖