ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយករងជនជាតិជប៉ុនម្នាក់ដេកស្លាប់ក្នុងសណ្ឋាគារកាស៊ីណូសង្ស័យមានជំងឺ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការស្រែកផ្អើលឆោឡោឡើងទាំងព្រឹក និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសាកសព ខណៈប្រទះឃើញបុរសជនជាតិជប៉ុនម្នាក់ដេកស្លាប់នៅសណ្ឋាគារកាស៊ីណូហ្គាឡាក់ស៊ីកាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតសង្ស័យជាបឋមមានជំងឺខ្យល់គរ ។

យោងតាមសមត្ថកិច្ច ក្រុងបាវិតបានបង្ហើបប្រាប់ឲ្យកាសែតនគរវត្តដឹងថាបុរសជនជាតិជប៉ុនមានឈ្មោះ អូ សេគិ ហ៊ីរ៉ូយ៉ូគី ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរអគ្គនាយយករងក្រុមហ៊ុនរោងចក្រតាគិសាដានៅតំបន់សេដ្ឋកិច្ចតាយសេង២ ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយកាន់លិខិតឆ្លងដែនលេខTR3587936 ខណៈស្នាក់នៅជាន់ទី៩ បន្ទប់លេខ៩២៣ ។

ប្រភពបន្តថាបន្ទាប់ពីទទួលបាននូវព័ត៌មានសេចក្ដីរាយការណ៍របស់អាជ្ញាធរមូលដ្ឋានភ្លាមសមត្ថកិច្ចនគរបាល ក្រុងនគរបាលជំនាញ ខេត្ត និងគ្រូពេទ្យបានមកពិនិត្យសាកសព ។

បន្ទាប់ពីពិនិត្យសាកសពជាច្រើនម៉ោងមកសមត្ថកិច្ចបានសន្និដ្ឋានថា បុរសខាងលើគឺពិតជាស្លាប់ដោយមានជំងឺខ្យល់គរមែន ដោយមិនមានស្លាកស្នាមថាអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ ខណៈសាកសពបានស្លាប់ប្រហែលវេលាម៉ោង៤ព្រឹកមិញនេះ ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមហ៊ុន អូសប៊ន(ភ្នំពេញ)ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖