ព័ត៌មានទាន់ហេតុការណ៍៖

Cambodia’s Got Talentរដូវកាលថ្មី នឹងប្រព្រឹត្តទៅនៅសាលមហោស្រព NABAនៅណាហ្គាទី ២

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី ២៥ មិថុនា ២០១៨ ៖កម្មវិធីប្រឡងទេពកោសល្យ និងសមត្ថភាពលំដាប់ពិភពលោក Cambodia’s Got Talent ត្រឡប់មកវិញហើយ! ទទួលស្គាល់ដោយស្ថាប័ន Guinness World Records និងជាកម្មវិធីទូរទស្សន៍ franchise ដ៏មានភាពជោគជ័យបំផុតនៅក្នុងពិភពលោក កម្មវិធី Cambodia’s Got Talent ដែលមាន ១៣ វគ្គនេះ នឹងត្រូវធ្វើឡើងនៅសាលមហោស្រពដ៏ធំសម្បើមចាប់ពីថ្ងៃទី ២៦ មិថុនានេះគឺសាលមហោស្រព NABA ដែលស្ថិតនៅក្នុងណាហ្គាទី ២! អ្នកដែលឈ្នះ នឹងទទួលបានរង្វាន់ដែលមានទឹកប្រាក់ ១០០ លានរៀល និងក្លាយជាសិល្បករ ឬសិល្បការិនីប្រចាំក្រុមហ៊ុនហង្សមាសគ្រុប ។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីពេលថ្មីៗនេះ បានប្រកាសថា NABA ដែលជាសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា គឺជាទីតាំងផ្លូវការនៃកម្មវិធី Cambodia’s Got Talent ។ លោក Sean Knealeដែលជាទីប្រឹក្សាប្រតិបត្តិនៃកម្មវិធី Got Talent ពិភពលោក បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដែលក្រុមហ៊ុនណាហ្គាវើលដ៍អនុញ្ញាតឲ្យយើងដំណើរការ និងថតនៅក្នុងសាលមហោស្រព NABA ដ៏អស្ចារ្យនេះ! ខ្ញុំបានទៅសាលមហោស្រពជាច្រើនជុំវិញពិភពលោក ហើយសាលមហោស្រព NABA គឺជាសាលមហោស្រពលំដាប់ពិភពលោកពិតៗ” ។

នាយកគ្រប់គ្រងកម្មវិធីនៃក្រុមហ៊ុនហង្សមាសលោក អ៊ឹង សុខលី បានឲ្យដឹងថា “សាលមហោស្រព NABA ដ៏ធំនេះ បានក្លាយជាទីកន្លែងសម្រាប់ការសម្តែងជាតិ និងអន្តរជាតិជាច្រើនចាប់តាំងពីបានបើកសម្ពោធកាលពីចុងឆ្នាំមុន ។ ប្រព័ន្ធសំឡេង និងភ្លើងដ៏ទំនើបព្រមទាំងទីតាំងយុទ្ធសាស្ត្ររបស់ NABAបានធ្វើឲ្យ NABAក្លាយជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់កម្មវិធី Cambodia’s Got Talent នេះ”។

នាយកប្រតិបត្តិផ្នែកទីផ្សារនៃក្រុមហ៊ុនណាហ្គាវើលដ៍ លោក Mike Ngai បានមានប្រសាសន៍ថា “យើងមានមោទនភាពយ៉ាងខ្លាំងដែលសាលមហោស្រព NABA របស់យើងនឹងក្លាយជាទីតាំងផ្លូវការនៃកម្មវិធី Cambodia’s Got Talent រដូវកាលទី ២នេះ ។ ក្នុងនាមជាមណ្ឌលកម្សាន្តចម្រុះលំដាប់កំពូលមួយប្រចាំតំបន់ យើងតែងតែទន្ទឹងរង់ចាំសហការជាដៃគូដ៏ល្អបែបនេះខណៈវានឹងផ្តល់នូវឱកាសដ៏ល្អសម្រាប់អ្នកដែលមានសមត្ថភាពអាចបង្ហាញទេពកោសល្យពិសេសរបស់ខ្លួននៅលើឆាកអន្តរជាតិ” ។

វគ្គ audition ដែលមាន៦ ថ្ងៃជាប់ៗគ្នានឹងប្រព្រឹត្តទៅនៅសាលមហោស្រព NABA ពីថ្ងៃទី ២៦ ខែមិថុនារហូតដល់ថ្ងៃទី ១ ខែកក្កដា ។ អ្នកប្រកួតទាំងអស់ ត្រូវបង្ហាញទេពកោសល្យ និងសមត្ថភាពរបស់ខ្លួនដើម្បីឈានទៅវគ្គបន្ទាប់! កម្មវិធីនេះ បើកឲ្យសាធារណជនទូទៅអាចចូលទស្សនាដោយសេរី! សូមចូលរួមធ្វើជាសាក្សី និងទះដៃអបអរដល់បេក្ខជន-បេក្ខនារីដែលអ្នកពេញចិត្តដើម្បីឲ្យពួកគាត់អាចឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ! កម្មវិធីនេះ មានការចូលរួមអត្ថាធិប្បាយពីពិធីករវោហារមិនចេះរីងស្ងួតលោកជា វិបុល និងលោកសាន វិសាល ចំណែកគណកម្មការ រួមមានកំពូលតារាចម្រៀងព្រាប សុវត្ថិ អ្នកនាង ខាត់ សុឃីម និងកំពូលតារាកំប្លែងនាយកុយ និងនាយក្រឹម ។

NABA មានកៅអីសរុប ២,០០០ សម្រាប់វគ្គ audition នីមួយៗ! មកមុន បានមុន ចាប់ពីម៉ោង ១ រសៀលរហូតដល់ម៉ោង ៩ យប់រៀងរាល់ថ្ងៃពីថ្ងៃទី ២៦ មិថុនា ដល់ថ្ងៃទី ១ កក្កដានៅសាលមហោស្រព NABA ។ សាលមហោស្រព NABA មានទីតាំងនៅជាន់ទី ២ ណាហ្គាទី ២ ទល់មុខភោជនីយដ្ឋានប៊ុហ្វេអន្តរជាតិ 2Pangea ។ លោកអ្នក អាចចតរថយន្តនៅអាគារសណ្ឋាគារណាហ្គាទី ២ដោយឥតគិតថ្លៃ ។

១៣ វគ្គផ្សេងទៀតនៃរដូវកាលនេះ នឹងត្រូវផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសរៀងរាល់ថ្ងៃអាទិត្យនៅម៉ោង ៨ យប់​ ចាប់ពីថ្ងៃទី ១២ សីហា រហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកាដែលមានការផ្សាយវគ្គ audition វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ។ សូមតាមដាន និងជួបគ្នានៅសាលមហោស្រព NABA នៅណាហ្គាទី ២ ។ ធានាថា ពិតជាអស្ចារ្យ!

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរសាលមហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

 

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86

Email:phouksolinda@nagaworld.com

 

សហការរីករាយ!

– គណកម្មការ និងទីប្រឹក្សាប្រតិបត្តិនៃកម្មវិធីGot Talentពិភពលោកក្នុងសន្និសីទសារព័ត៌មាន

ទីតាំងផ្លូវការនៅសាលមហោស្រព NABAណាហ្គាទី ២


ចែករំលែក៖