ភ្នំពេញ ៖ បុរសកម្មករសំណង់ម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនយកទៅសួរនាំ ដោយសារពេលផឹកស្រវឹងហើយ រករឿងអ្នកជិតខាង និងវាយកម្ទេចសម្ភារក្នុងផ្ទះ រួមទាំងវាយធ្វើបាបប្រពន្ធកូនថែមទៀត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅផ្ទះជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះមានឈ្មោះ ស.ស.ភ អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិឡាំងកូ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ចំណែកជនបង្កជាប្តីឈ្មោះ ហូ ចែមផូ អាយុ២៦ឆ្នាំ មុខរបរកម្មករលើកគ្រឿងសំណង់ ស្នាក់នៅជាមួយប្រពន្ធមានស្រុកកំណើតនៅខេត្តតាកែវ ។
ស្ត្រីរងគ្រោះបានឲ្យដឹងថា គ្រួសាររបស់នាងបានរៀបការត្រឹមត្រូវរយៈពេលជាង៨ឆ្នាំមកហើយបានកូនចំនួន៣នាក់ ស្រី២ ប្រុស១ កូនបងស្រីអាយុ៨ឆ្នាំ និងកូនពៅអាយុ៣ឆ្នាំ កូនបន្ទាប់ជាកូនប្រុសអាយុ៤ឆ្នាំ ហើយប្តីនាងតែងធ្វើបាបរូបនាងរងរបួសធ្ងន់៣លើកមកហើយ តែមិន ដែលប្តឹងសមត្ថកិច្ចឡើយ ។
ស្ត្រីរងគ្រោះបានបន្តថា នៅមុនពេលកើតហេតុប្តីរបស់គាត់ទើបមកពីផឹកស៊ីនៅផ្ទះមិត្តភក្តិពេលមកដល់ផ្ទះបានទៅផឹកស៊ីជាមួយអ្នកជិតខាងម្តងទៀត លុះមកដល់ផ្ទះបានបំផ្លាញរបស់របរនៅក្នុងផ្ទះដូចជាឆ្នាំង ចាន បានបោកកម្ទេចចោលធ្វើឲ្យគាត់ជាប្រពន្ធខឹងប្តីរបស់ខ្លួនដែរ តែមិនហ៊ានដោយសារតែប្តីស្រវឹងឲ្យប្តីចូលដេក ពេលចូលដេកបានបន្តិចបានចេញទៅក្រៅឈ្លោះជាមួយនាក់ជិតខាង ហើយបានឡើងមកម្តងទៀតស្រាប់តែប្តីយកខ្សែភ្លើង ដែលបត់ជាច្រើនកំណាត់ទៅវាយប្រពន្ធ ដែលកំពុងដេកបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរសន្លប់នៅក្នុងបន្ទប់ជួល និងបណ្តាលឲ្យវាយចំកូនប្រុសអាយុ៤ឆ្នាំ បែកក្បាលឈាមស្រោចពេញខ្លួន និង២នាក់ទៀតរបួសស្រាល ។
ក្រោយពេលកើតហេតុជនរងគ្រោះជាប្រពន្ធបានដាក់ពាក្យបណ្តឹង និងឲ្យសមត្ថកិច្ចឃាត់ជនបង្កហេតុមកសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ៣ដើម្បីចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ