ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកកកបើកជែងស្តាំ ជ្រុលទៅបុកស្រី្តម្នាក់ស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េឃ្លប់ ដឹកទឹកកកមួយគ្រឿង បើកជែងពីខាងស្តាំរថយន្តខាងមុខ ហើយជ្រុលទៅបុកពីក្រោយម៉ូតូបណ្តាលអោយ ដួលធ្លាក់ស្រ្តីម្នាក់ពីលើម៉ូតូហើយកិនបន្ថែម បណ្តាលឲ្យស្លាប់ភ្លាមមួយពព្រិចភ្នែក ចំណែកប្តីនិងកូនប្រុសអាយុ៣ខួបរងរបួសស្រាល ខណៈដែលកំពុងជិះម៉ូតូធ្វើដំណើរជាមួយប្តីនិងកូន ។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៥និង៥០នាទីព្រឹក ថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។

ស្រ្តីរងគ្រោះស្លាប់នៅកន្លែង មានឈ្មោះ សុខា ស៊ីណា អាយ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូន២នាក់ប្រុស១ ស្រី១ មានប្តីឈ្មោះ លន់ សុភ័ក្រ អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វឯម ខេត្តកណ្តាល ។

តាមសម្តីជនរងគ្រោះជាប្តី បានឥ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូ ម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-2548 ឌុបប្រពន្ធពីក្រោយ ហើយអង្គុយឱបកូនប្រុសម្នាក់ផង ក្នុងគោលបំណងឆ្ពោះទៅរោងចក្រ ដោយធ្វើដំណើរ ឆ្លងផ្លូវជាតិលេខ៤ពីត្បូងទៅជើងផុតហើយ ជិះសរសៀ ផ្លូវជាតិលេខ៤ ពីកើតទៅលិច ហើយមានអមដោយកង់កូនស្រីម្នាក់ទៀតជិះពីខាងស្តាំម៉ូតូផង បានបន្តិចស្រាប់តែរថយន្តបង្ក កូរ៉េឃ្លប់ ពណ៌ស ចំណុះ២,៥តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6120 បើកពីកើតទៅលិច ជែងរថយន្តខាងមុខពីខាងស្តាំដៃ ជ្រុលមកបុកម៉ូតូពីក្រោយតែម្តង បណ្តាលឲ្យដួលធ្លាក់ប្រពន្ធ រថយន្តបង្កកិនបន្ថែមស្លាប់ភ្លាមៗ នៅកន្លែង ។

តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញ ជនរងគ្រោះឌុបប្រពន្ធនិងឱបកូនប្រុស និងកង់ជិះដោយកូនស្រី ទន្ទឹមគ្នាធ្វើដំណើរពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាបើតែរថយន្តបង្ក ឃ្លប់ដឹកទឹកកក បើកល្បឿនលឿនជែងស្តាំ រថយន្តខាងមុខ ហើយជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយ ដួលធ្លាក់ ប្រពន្ធ រថយន្តកិនបន្ថែម បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ចំណែក ប្តី កូនប្រុស ស្រី រងរបួសស្រាល ។ ក្រោយកើតហេតុភ្លាម អ្នកបើកបររថយន្តបង្ក បើកទ្វារចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ច ទាំងប៉ុស្តិ៍ ទាំងនគរបាលខណ្ឌចុះទៅសម្រួលចរាចរណ៍ ខណៈដែលស្ថានភាពផ្លូវចំណុចខាងលើ កកស្ទះចរាចរណ៍ ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច ប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត រីឯរថយន្ត និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីកសាងសុំរឿង តាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖