ព័ត៌មានទាន់ហេតុការណ៍៖

អតីតមន្ត្រីយោធាវេណេហ្សុ៊យអេឡាគាំទ្រដោយអាមេរិក អាចងើបឡើងប្រឆាំងប្រធានាធិបតីជាប់ឆ្នោត

ចែករំលែក៖

ក្រោយពេលប្រធានាធិបតីវេណេហ្សុ៊យអេឡា ជាប់ឆ្នោតសាជាថ្មីធ្វើឲ្យអាមេរិកខឹងសម្បាយ៉ាងខ្លាំង ដោយបានសម្រេចដាក់ ទណ្ឌកម្ម សេដ្ឋកិច្ចទៅលើប្រទេសនេះជាបន្តទៀត។ អ្វីដែលសំខាន់នោះគឺក្រុមអតីតមន្ត្រីយោធាចូលនិវត្តន៍ គាំទ្រដោយអាមេរិកអាចក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាល ។ នៅពេលនេះលោក នីកូឡាស ម៉ាឌូរ៉ូ បានប្រកាសឲ្យកងទ័ពរបស់ខ្លួនប្រុងជើងការ ឲ្យហើយ ព្រោះមានសញ្ញាសង្ស័យកំពុង លេចឡើង ដោយក្រុមមេទ័ពចូលនិវត្តន៍ អាចនឹងងើបឡើង ដើម្បីបះបោរប្រឆាំងរដ្ឋា ភិបាល។

ការអំពាវនាវរបស់លោក ម៉ាឌូរ៉ូ ខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងឱកាស ដែលលោកដឹកនាំការធ្វើព្យុហយាត្រាយោធាដ៏ធំមួយ នៅក្នុងរដ្ឋ ការ៉ាបូបូ (Carabobo) ស្ថិតនៅភាគកណ្តាលប្រទេសអាមេរិកឡាទីនមួយនេះ។ លោកក៏បានបញ្ជាក់ច្បាស់ៗ ទៀតថា គម្រោងការក្បត់ខាងលើនេះ គឺបាននិងកំពុងរៀបចំឡើងនៅទីក្រុង បូហ្គោតា នៃប្រទេសកូឡុំប៊ី ដែលជាប់ព្រំ ដែនភាគខាងត្បូង និងខាងលិចប្រទេស វេណេហ្សុ៊យអេឡាដើម្បីរៀបចំផែនការក្បត់ ដោយមានជំនួយពីបរទេស។

លោក ម៉ាឌូរ៉ូ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ថា «ប្រទេសបើថ្ងៃណាមួយពួកក្បត់នៅ កូឡុំប៊ី ហ៊ានវាយប្រហារមកលើវេណេស៊ុយអេឡានោះ យើងត្រូវតែត្រៀមខ្លួនដើម្បីការពារបូរណភាពដែនដីរបស់យើង»។ លោកក៏បានបង្ហើបទៀតថា ក្រុមក្បត់ ខាងលើនេះ គឺមានពួកចក្រពត្តិភាគខាង ជើង នោះគឺសហរដ្ឋអាមេរិក ជាអ្នក ឧបត្ថម្ភគាំទ្រ ដោយប្រើប្រាស់មូលដ្ឋាន នៅទីក្រុង បូហ្គោតា ជាកន្លែងប្រមូលផ្តុំគ្នា។

វេណេហ្សុ៊យអេឡាកាន់តែធ្វើឲ្យអាមេ រិកខឹងសម្បាថែមទៀតនោះគឺបានប្រកាស ផ្តល់ទីជម្រកដល់អតីតចារកិច្ចអាមេរិក លោក Edward Snowden ស្នាក់នៅក្នុង ប្រទេសនេះ។ វេណេហ្សុ៊យអេឡាគឺជា ប្រទេស ១ក្នុងចំណោម៣ប្រទេសដែល អនុញ្ញាតឲ្យ Edward Snowden ស្នាក់ នៅ។

ប្រទេសបូលីវី ជាប្រទេសទីបីដែលបានចេញមុខផ្ចាញ់ផ្ចាលជាមួយសហរដ្ឋអាមេរិក។ ប្រធានាធិបតីរបស់ប្រទេសនេះ បានប្រកាស កាលពីល្ងាចថ្ងៃសៅរ៍កន្លង មកថា បូលីវីនឹងផ្តល់សិទ្ធិជ្រកកោន ប្រសិនបើយុវជនSnowdenដាក់ពាក្យសុំ។

មេដឹកនាំបូលីវីបានចូលរួមជាមួយប្រធានាធិបតីវេណេហ្សុ៊យអេឡានិងប្រទេស នីការ៉ាហ្គា ដែលបានប្រកាស កាលពីថ្ងៃសុក្រ ផ្តល់ទីជ្រកកោននយោបាយដល់ Snow den ដែលអាមេរិកកំពុងតាមចាប់ ពីបទ លួច និងទម្លាយឯកសារសម្ងាត់អាមេរិក។

គេមិនភ្ញាក់ផ្អើលទេ ដែលឃើញប្រទេសអាមេរិកឡាទីនទាំងបីសម្រេចផ្តល់សិទ្ធិ ជ្រកកោននយោបាយដល់យុវជន Snow​den ដែលអាមេរិកពេលនេះ កំពុងប្រមាញ់ រកចាប់ខ្លួន។ ទីមួយ ប្រទេសវេណេហ្សុ៊យ អេឡា គឺជាសត្រូវ និងផ្ចាញ់ផ្ចាលជាមួយ អាមេរិក តាំងពីយូរហើយ។ មេដឹកនាំ វេណេហ្សុ៊យអេឡាតែងតែរិះគន់ ឬចោទ ប្រកាន់អាមេរិកថា បានប្រើអំណាច ជា មហាអំណាចពិភពលោក ដើម្បីឈ្លានពាន ប្រទេសដទៃ។ សម្រាប់ករណី Snowden ប្រធានាធិបតី វេណេហ្សុ៊យអេឡា លោក Nicola Maduro បានលើកឡើងថា លោកបានសម្រេចផ្តល់សិទ្ធិជ្រកកោនមនុស្ស ធម៌ ដល់យុវជនអាមេរិកាំង Snowden ដើម្បីឲ្យគេរួចផុតពីទោសប្រហារជីវិត របស់ចក្រពត្តិអាមេរិកាំងខាងជើង។

ប្រធានាធិបតីនីការ៉ាហ្គាវិញក៏បាន ប្រកាស នៅថ្ងៃតែមួយរបស់ប្រមុខរដ្ឋ វេណេហ្សុ៊យអេឡាដែរ ថា នីការ៉ាហ្កានឹងបើកដៃទទួលដោយពេញចិត្តយុវជន Snowden។ វាសាមញ្ញទេ ដែលនីការ៉ាហ្គាប្រកាសផ្តល់សិទ្ធិជ្រកកោនដល់ Snowden តាមវេណេហ្សុ៊យអេឡាព្រោះថា នីការ៉ាហ្គាជាសម្ពន្ធមិត្តជិតស្និទ្ធ និងទទួលជំនួយសេដ្ឋកិច្ចជាច្រើនពីវេណេហ្សុ៊យអេឡា។

ងាកមកមើលករណីប្រធានាធិបតីបូលីវីវិញដែលជាអ្នកចុងក្រោយ ប្រកាសផ្តល់សិទ្ធិជ្រកកោនដល់យុវជនអាមេរិកាំង Snowden។ បើតាមលោកប្រធានា ធិបតីបូលីវី Evo Morales លោកសម្រេច ចិត្តយ៉ាងដូច្នេះ គឺដើម្បីសងសឹកនឹងវិធានការរើសអើងពីសំណាក់ប្រទេសអាមេរិក និងបណ្តាប្រទេសអឺរ៉ុប។

គួរដឹងថា កាលពីថ្ងៃអង្គារសប្តាហ៍មុន យន្តហោះ ដឹកលោកEvo Morales ចេញពីទីក្រុងមូស្គូត្រូវបានបណ្តាប្រទេសអឺរ៉ុប បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ និងអុីតា លីហាម ផ្អាកមិនឲ្យហោះក្នុងដែនអាកាសរបស់ខ្លួន។ តាមប្រធានាធិបតី បូលីវី នៅ ក្នុងពេលចុះចតដោយបង្ខំក្នុងប្រទេសអូទ្រីស ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំទីក្រុងវីយ៉ែន បានសុំចូលឆែកក្នុងយន្តហោះរបស់លោក ប៉ុន្តែ ត្រូវលោកបដិសេធ។ លោកប្រធានាធិបតីបូលីវីបានចោទភ្លាមថា គឺអាមេរិកដែលស្ថិតនៅពីក្រោយចំណាត់ការហាមឃាត់ការហោះហើរយន្តហោះរបស់លោក។ ប៉ុន្តែ បើតាមរដ្ឋមន្រ្តីការបរទេសអេស្ប៉ាញ អឺរ៉ុបផ្អាកការហោះហើររបស់យន្តហោះ ដឹកលោកប្រធានាធិបតីMorales ព្រោះ គេសង្ស័យថា យុវជន Snowden កំពុងស្ថិតនៅក្នុងយន្តហោះនោះដែរ។

រហូតមកដល់ពេលនេះ Snowdenដែល ជាប់គាំង សំងំលាក់ខ្លួន នៅក្នុងព្រលាន យន្តហោះ ក្នុងទីក្រុងមូស្គូ មិនទាន់បាន ទទួលចម្លើយវិជ្ជមានណាមួយទេ ចាប់តាំងពីខ្លួនដាក់ពាក្យសុំសិទ្ធិជ្រកកោន ទៅ ប្រទេសចំនួន ២១។ ប្រទេសនៅអឺរ៉ុប ភាគច្រើនបដិសេធ ដោយខ្លះលើកហេតុ ផលថា ពាក្យសុំសិទ្ធិជ្រកកោន ត្រូវតែធ្វើ នៅក្នុងទឹកដីរបស់គេ។ តាមWikileak កាលពីថ្ងៃសុក្រ យុវជន Snowden បាន ដាក់ពាក្យសុំបន្ថែម ទៅ៦ប្រទេសទៀត ប៉ុន្តែ គេមិនបង្ហើបឈ្មោះប្រទេសទាំង នោះទេ ដោយខ្លាចថា អាមេរិកនឹងដាក់ សម្ពាធ ដូចដែលអាមេរិកបានធ្វើទៅលើ ប្រទេសមួយចំនួន នៅអឺរ៉ុប។

មួយវិញទៀត ចម្លើយវិជ្ជមានរបស់ ប្រទេសអាមេរិកឡាទីន ព្រមផ្តល់កន្លែង ជ្រកកោននយោបាយដល់ Snowden ក៏ធ្វើឲ្យភាគីរុស្ស៊ីធូរស្រាលចិត្តមួយកម្រិតដែរ។ រុស្ស៊ីមិនចង់ពន្យារពេលរក្សាទុក Snowden ក្នុងប្រទេសខ្លួន ព្រោះមិនចង់ប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាមួយអាមេរិក។ បើតាមអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី សិទ្ធិ ជ្រកកោនរបស់ Snowdenនៅប្រទេសវេណេហ្សុ៊យអេឡាគឺជាដំណោះស្រាយដ៏ល្អ។ គ្មានមធ្យោបាយណាល្អជាងនេះទេ ព្រោះ វេណេហ្សុ៊យអេឡាកំពុងមានជម្លោះជាមួយអាមេរិក។

Snowden ឥឡូវនេះ បានទទួលសិទ្ធិ ជ្រកកោន ក្នុងប្រទេសអាមេរិកឡាទីនបី ប៉ុន្តែ បញ្ហាចោទ គឺថា តើគេធ្វើយ៉ាងម៉េច ដើម្បីឲ្យ Snowden អាចធ្វើដំណើរទៅកាន់ប្រទេសទាំងបីនោះ។ បច្ចុប្បន្ននេះ គ្មាន ជើងហោះហើរពាណិជ្ជកម្ម ដោយផ្ទាល់ ពីព្រលានយន្តហោះ នៅមូស្គូ ទៅទីក្រុងការ៉ាកាសរបស់ប្រទេសវេណេហ្សុ៊យអេឡា។ ជើងហោះហើរទៅប្រទេសនីការ៉ាហ្គា ឬទៅប្រទេសបូលីវី សុទ្ធតែត្រូវចុះចតក្នុងប្រទេសណាមួយ នៅអាមេរិកឡាទីន ដូចជាគុយបាជាដើម។ រហូតមកដល់ពេល នេះ គេមិនទាន់ដឹងថា តើគុយបានឹងយល់ព្រមឲ្យយន្តហោះដែលដឹក Snowdenចុះសំចតក្នុងទឹកដីរបស់ខ្លួនដែរឬទេ?

ម្យ៉ាងទៀត បើសិនជាគុយបាព្រមឲ្យចុះ​ចត ប៉ុន្តែ យន្តហោះដែលដឹក Snowden ចេញពីមូស្គូ នឹងអាចជួបឧបសគ្គដូចយន្តហោះដឹកលោកប្រធានាធិបតីបូលីវី គឺ ប្រាកដជាត្រូវបណ្តាប្រទេស នៅអឺរ៉ុប ចាប់ស្ទាក់ មិនឲ្យហោះហើរប្រើប្រាស់ដែនអាកាសរបស់ខ្លួន។

មើលទៅជម្រើសចុងក្រោយ មានតែ រុស្ស៊ីយល់ព្រមផ្តល់ឯកសារធ្វើដំណើរស្របច្បាប់ដើម្បីឲ្យ យុវជនSnowden អាច ធ្វើដំណើរក្នុងស្រុក រុស្ស៊ី។ Snowdenពេល នេះ ក្លាយជាមនុស្សគ្មានក្រដាសស្នាម មិនអាចធ្វើដំណើរទៅណាបាន បន្ទាប់ពីត្រូវអាមេរិកដកហូតលិខិតឆ្លងដែន។

បើសិនជាយុវជន Snowdenមានក្រដាសស្នាមដើម្បីធ្វើដំណើរ គេអាចឡើងជិះ យន្តហោះក្នុងស្រុក ពីព្រលានយន្តហោះ នៅមូស្គូ ដោយត្រូវហោះកាត់ប្រទេសរុស្ស៊ីទាំងមូល បន្ទាប់មក គឺហោះកាត់មហា សមុទ្រប៉ាស៊ីហ្វិក សំដៅទៅអាមេរិកឡា ទីនតែម្តង។ នេះជាដំណើរវែងឆ្ងាយ ប៉ុន្តែ វាជៀសវាងឲ្យយន្តហោះមិនចាំបាច់ហោះកាត់បណ្តាប្រទេសអឺរ៉ុប៕ ម៉ែវ សាធី

 

 


ចែករំលែក៖