ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កាលពីរសៀលថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បានរៀបចំកម្មវិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន១០៥នាក់ ក្រោមអធិបតីភាព លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរងទី១ និងជាទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធីអន្ដរជាតិ បានឲ្យដឹងថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់លោកបណ្ឌិត លី ឆេង សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ សាកលវិទ្យាល័យបានបើកវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានលើកទី២ ជូនដល់និស្សិត១០៥រូប។ វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដោតសំខាន់ទៅលើប្រធានបទសំខាន់ៗមួយចំនួនរួមមាន ១- ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្ដរជាតិ និងច្បាប់មនុស្សធម៌អន្ដរជាតិ ២- គោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហមកម្ពុជា ចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិ ៣-ខ្លឹមសារគោលនយោបាយ និងការងារគ្រប់គ្រងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ៤-ស្វែងយល់ និងអនុវត្តពីវិជ្ជាសង្គ្រោះបឋម និង៥-សិក្សាស្វែងយល់ពីសុវត្ថិភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ល។
លោកបណ្ឌិត លី ឆេង សកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា កន្លងមកថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្ស-និស្សិតប៊ែលធី បានចូលរួមក្នុងសកម្មភាពសង្គមជាច្រើនដូចជា ការបរិច្ចាគឈាម ការផ្តល់អំណោយជូនចាស់ជរា ស្ត្រីសម្រាលកូន ក្មេងកំព្រា ប្រជាជនក្រីក្រតាមមូលដ្ឋាន ការដាំកូនឈើ ការសម្អាតបរិស្ថាន និងសកម្មភាពសង្គមផ្សេងៗទៀត តាមរយៈមូលនិធិសប្បុរសធម៌ប៊ែលធី (BELTEI Charity Foundation)លោកបណ្ឌិត ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យប៊ែលធី បង្កើតក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណចំពោះសាលាប៊ែលធីអន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រយ៉ាងជិតស្និទ្ធជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងសកម្មភាពនានា ក្នុងពេលកន្លងមក ហើយលោកសសង្ឃឹមថា ប្អូនៗយុវជនកាកបាទក្រហមទាំងអស់ នឹងបានយល់ពីបេសកកម្មរបស់កាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្ដរជាតិ និងបន្តសកម្មភាពបន្ថែមទៀតនូវអ្វីដែលកាកបាទក្រហម-អឌ្ឍចន្ទក្រហមកម្ពុជា បានធ្វើកន្លងមក។
ក្នុងឱកាសនោះដែរ លោក ពិត ចំណាន បានថ្លែងថា លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី បំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាថ្មី ជូនដល់និស្សិតប៊ែលធី ១០៥រូប នាពេលនេះ។ លោកក៏បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិតនៃប៊ែលធី គ្រុបទាំងមូលផងដែរ។ លោកក៏បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើន និងសមិទ្ធផលនានារបស់ប៊ែលធី ដែលទទួលបានកន្លងមក ជាពិសេសសកម្មភាពមនុស្សធម៌របស់ប៊ែលធី ដែលបានរួមចំណែកយ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាទាំងមូល។ លោកក៏បានចូលរួមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ និស្សិតប៊ែលធី ដែលបានទទួលការបំពាក់កន្សែងចូលជាសមាជិកថ្មីរបស់កាកបាទក្រហមកម្ពុជានាថ្ងៃនេះ៕ ស រស្មី