ភ្នំពេញៈ បុរសពីនាក់ត្រូវក្រុមចោរធ្វើសកម្មភាពដកកាំភ្លើងផ្ជុងវាយប្លន់យកម៉ូតូហើយជិះគេចខ្លួនដោយសុវត្ថិភាព ខណៈពួកគាត់ជិះម៉ូតូ២គ្រឿងក្នុងបំណងទៅយកប្អូនត្រឡប់មកផ្ទះវិញ ។
អំពើវាយប្លន់នេះបានកើតឡើងកាលពីថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ នៅត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ចាន់ ពិសិទ្ធិ ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដែលជាម្ចាស់ម៉ូតូបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA-2541 និងប្អូនប្រុសម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយពួកគេទើបជិះចេញពីផ្ទះនៅម្តុំស្ទឹងមានជ័យ បំណងជិះមកយកប្អូនប្រុសម្នាក់ទៀត នៅម្តុំកន្លែងកើតហេតុ ដើម្បីត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូពីរគ្រឿង ដោយមួយគ្រឿងម៉ាក Suzuki Nex និងមួយគ្រឿងទៀតម៉ាក PCX មិនចាំស្លាកលេខ បានជិះមកពីក្រោយ និងព្យាយាមកៀរម៉ូតូរបស់ខ្លួនឲ្យដួលតែមិនដួលនោះទេ ។ ភ្លាមៗនេះ ខ្លួន(ជនរងគ្រោះ) រួមទាំងប្អូនប្រុស ដែលជិះម៉ូតូមួយគ្រឿងទៀត បាននាំគ្នាជិះម៉ូតូចូលទៅក្នុងស្ថានីយប្រេងឥន្ធនៈកើតហេតុខាងលើ ទើបក្រុមជនសង្ស័យក៏ជិះម៉ូតូដេញតាម និងមានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដកកាំភ្លើងខ្លីមួយដើម ចេញពីក្នុងកាបូបស្ពាយមកភ្ជង់គំរាម និងវាយទៅលើខ្លួន រួមទាំងប្អូនប្រុស បណ្តាលឲ្យពួកគេភ័យស្លន់ស្លោក៏ទុកម៉ូតូចោលរត់យករួចខ្លួន ហើយក្រុមចោរជិះម៉ូតូ ហុងដាឌ្រីម របស់ខ្លួន ចេញទៅបាត់ដោយសុវត្ថិភាព ។
ក្រោយកើតហេតុជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង៕ តុង សីហា