ខេត្តកណ្ដាលៈ បុរសម្នាក់របួសធ្ងន់បានដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបើកល្បឿនលឿនឈប់មិនទាន់បុកពេញមួយទំហឹង នៅថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ២១បេ ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ជាវ ឆិៈ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មិនពាក់មួក) មានទីនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1AO-3119 ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3B-7538 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីត្បូងទៅជើង លុះជិះមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានបត់ឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ភ្លាមនោះក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បើកដោយល្បឿនលឿនឈប់មិនទាន់ជាន់ហ្រ្វាំងមិនជាប់ បានបុកជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យរបួសធ្ងន់ ភ្លាមនោះបង្កផ្អើលឆោឡោដល់ពលរដ្ឋជិតខាងហៅរថយន្តសាមុយដឹកជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង តែជអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ខណៈដល់មន្ទីរពេទ្យ ។ ចំណែកឯអ្នកបើកបររថយន្តបានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលជំនាញស្រុក បានចុះដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងកសាងឯកសារដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបង្កឡើងដោយអ្នកជិះម៉ូតូធ្វេសប្រហែស ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ។ ចំណែកអ្នកបើករថយន្តបើកក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍យ៉ាងដូច្នេះ ៕ ស្អាងជ័យ