ភ្នំពេញ៖ នៅថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លោកប៉ា សុជាតិវង្សទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាសមាជិកកណ្តាលកាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលបានអមដំណើរដោយលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ លោកឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អស់លោក-លោកស្រីជាសមាជិក-សមាជិកាក្រុមប្រឹក្សាសង្កាត់-ខណ្ឌ និងលោកចៅសង្កាត់បឹងទំពន់២ បានចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកផ្តល់ប្រជាពលរដ្ឋ៣៥គ្រួសារ ដែលបានរងគ្រោះនូវអគ្គិភ័យ ស្ថិតនៅក្នុងតំបន់មិនរៀបរយភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។
ថ្លែងក្នុងឱកាសនេះ លោកប៉ា សុជាតិវង្សក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនពលរដ្ឋ ពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បញ្ហាជួបការលំបាករងគ្រោះនូវអគ្គិភ័យនេះ ។ លោកប៉ា សុជាតិវង្ស ក៏បានសម្តែងនូវក្តីសោកស្តាយអាណិតអាសូរយ៉ាងខ្លាំង ចំពោះពលរដ្ឋទាំង៣៥គ្រួសារដែលទទួលរងគ្រោះថ្នាក់អគ្គិភ័យ ឆេះផ្ទះសម្បែងដែលមកពីការប្រឹងប្រែងសន្សំលុយទិញផ្ទះ សម្ភារៈ គ្រែ តុ ទូ ហើយទម្រាំតែសន្សំបានប៉ុណ្ណេះគឺលំបាកណាស់ ហើយឥឡូវនេះត្រូវបានរលាយទៅវិញអស់ដោយអគ្គិភ័យ ។ លោកប៉ា សុជាតិវង្ស ក៏បានសម្តែងក្តីត្រេកអរវិញ ដោយសារតែមិនបានបាត់បង់អាយុជីវិត ដែលអាចបន្តខិតខំប្រឹងប្រែងជីវភាពរស់នៅ រកស៊ីប្រកបរបរចិញ្ចឹមជីវិតបាន និងឲ្យកាន់តែប្រសើរឡើងជាងនេះ ។ ក្នុងនោះផងដែរ លោកប៉ា សុជាតិវង្ស ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណាជួយសម្រួលបាននូវសៀវភៅ ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឬឯកសារផ្សេងៗពាកព័ន្ធបង្កលក្ខិណៈងាយស្រួលដល់បងប្អូនរងគ្រោះ៣៥គ្រួសារនេះ ។ លោកប៉ា សុជាតិវង្ស ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នូវបញ្ហាបណ្តាញអគ្គិសនី បារ៉ែតភ្លើងត្រូវបិតវាឲ្យបានត្រឹមត្រូវមុនចាកចេញទៅក្រៅផ្ទះ ជាពិសេសកំប៉ុងហ្គាស និងអ្វីដែលអាចបង្កងាយស្រួលក្នុងឆាបឆេះបំផុតនោះ ។
អំណោយដែលត្រូវផ្តល់ជូនគ្រួសាររងគ្រោះទាំង៣៥គ្រួសារនោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន៣០គីឡូ មីចំនួន១កេស ទឹកបរិសុទ្ធចំនួន១កេស ចង្ក្រានហ្គាស១ បំពង់ទឹកក្តៅចំនួន១ ខ្ទះឆារចំនួន១ចានបាយ ចានសម្លរ វែក ស្លាមព្រា១ឈុត ឆ្នាំងតូចធំ១ ធុងទឹកកក១ ខ្នើយ១ ស្ករស៣គីឡូក្រាម តែ៥កញ្ចប់ កញ្ច្រែង១ ថាសជ័រ១ និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ ។
គួររំលឹកផងដែរថា នៅវេលាម៉ោង៥ព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋរស់នៅតំបន់មិនរៀបរយអស់២២ខ្នងផ្ទះ ស្មើនឹង៣៥គ្រួសារ ស្ថិតនៅភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យរាជធានីភ្នំពេញ៕ តាឡឹម