ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាទាំង២នាក់ប្ដីប្រពន្ធមានជម្លោះវាយគ្នាប៉ោងមុខរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានរងរបួសបែកក្បាល ហើមមុខប៉ោងភ្នែកធ្ងន់ធ្ងរ សន្លប់នឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចមូលដ្ឋានទាំងយប់ ខណៈ ដែលមានជម្លោះជាមួយប្ដីផឹកស្រាស្រវឹងរៀងៗខ្លួន ក៏បង្កើតជាអំពើរហិង្សាដោយប្ដីទាញយកបានឈើជ្រុងមកវាយយ៉ាងសន្ធាប់កាលពីថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩ និង៣០នាទីយប់នៅចំណុចភូមិបឹងរ៉ៃខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុកស្វាយជ្រំបានឲ្យកាសែតនគរវត្តដឹងថាស្ត្រី ដែលរងរបួស មានឈ្មោះ រឿន រឿង អាយុ៤១ឆ្នាំ មុខរបរកសិករ ត្រូវបានសមត្ថកិច្ចដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្ត ខណៈរងរបួសក្បាលដងខ្លួនផ្ទៃមុខធ្ងន់ធ្ងរ ។

ចំណែកជនសង្ស័យជាប្ដីត្រូវបានស្គាល់ឈ្មោះ ពៅ គន់ អាយុ៤២ឆ្នាំ មុខរបរកសិករអ្នកទាំងពីរស់នៅភូមិមឹងរ៉ៃខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ បន្ទាប់ពីបង្កហេតុបានរត់គេចខ្លួនភ្លាមៗទាំងយប់ ។

បើតាមអ្នកភូមិបានប្រាប់ឲ្យដឹងថា ២នាក់ប្ដីប្រពន្ធគឺជាមនុស្សស្រវឹងខួប ផឹកស្រាស្ទើររាល់ថ្ងៃ មិនតែប៉ុណ្ណោះ ពេល ដែលផឹកស្រាស្រវឹងម្ដងៗ តែងតែឈ្លោះគ្នាជាប្រចាំមិនដែលខាន ទើបអ្នកភូមិមិនសូវរវីរវល់ជាមួយ ។

ប្រភពបន្តថា នៅពេលកើតហេតុ គឺគ្រួសារនេះផឹកស្រាស្រវឹងទាំង២នាក់ហើយ ក៏មានជម្លោះពាក្យសំដីខ្លាំងខុសសព្វដង ដោយផ្អើលអស់អ្នកភូមិ ខណៈនោះ ស្រាប់តែលឹសូរសម្លេងជួយផងប្ដីវាយខ្ញុំ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយអន្តរាគមន៍ឃាត់ចេញរៀងៗខ្លួន និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន យកស្ត្រីរងគ្រោះជាប្រពន្ធទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ចំណែកបុរសជាប្ដីក្រោយកើតហេតុបានរត់គេចខ្លួនផងដែរ ។

បច្ចប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់បុរសជាប្ដីសង្ស័យដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖