ភ្នំពេញ៖ អាជ្ញារាជធានីភ្នំពេញ នឹងធ្វើប្រទានកម្មដីធ្លី ជូនបងប្អូន ប្រជាពលរដ្ឋចំនួន៣៨០គ្រួសារ នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ នៅខណ្ឌមានជ័យ នៅពេលខាងមុខនេះ ដើម្បីឲ្យបងប្អូនទទួលបានកម្មសិទ្ធិលំនៅដ្ឋានរស់នៅដោយស្របច្បាប់ លែងមានការភិតភ័យ ចំពោះការបាត់បង់ដីធ្លីទៀត ។
អាជ្ញារាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយាដី និងអាជ្ញាធរខណ្ឌមានជ័យ និង សម្រេចប្រគល់ដីប្រទានកម្ម របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ជូន បងប្អូនប្រជាពលរដ្ឋ ចំនួន៣៨០គ្រួសារ រស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅទីនេះ តាមសុំណូមពរ នៅពេលដ៏ខ្លីខាងមុខនេះ ក្រោយពេល មន្ដ្រីជំនាញបិទផ្សាយ ជាសាធារណៈ ដើម្បីបងប្អូនមកផ្ទៀងផ្ទាត់អចលនៈទ្រព្យរួចរាល់ហើយនោះ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសបែបនេះ ខណៈ លោកចូលរួមជាអធិបតីភាព ក្នុងពិធី ប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជានិមិត្ដរូបជូនបងប្អូនចំនួន៣៨០គ្រួសារ នៅខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខណ្ឌមានជ័យ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ការសម្រេចចិត្តរបស់អាជ្ញាធរ ប្រគល់ដីប្រទានកម្មជូនបងប្អូន ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍតំបន់បឹងជើងឯក នាពេលនេះ គឺអនុវត្តន៍ទៅតាមការណែនាំរបស់សម្តេច អគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ដែលបងប្អូនបានស្នើសុំពីសម្តេចកន្លងមក។
លោកបាលបន្តថា ដោយពិនិត្យឃើញ ពីភាពលំបាករបស់បងប្អូន សម្តេចក៏បានប្រគល់ដីប្រទានកម្មនេះ តាមរយៈរដ្ឋបាលសាលារាជធានីភ្នំពេញ ពីព្រោះបងប្អូនពិតជារស់នៅទីតាំងនេះជាយូរឆ្នាំមែន។
លោកបានបន្ដថា៖ ក្នុងមានគណៈអភិបាលរាជធានីភ្នំពេញ មានសេចក្តីរំភើបរីករាយមកផ្សព្វផ្សាយជូននេះ គឺថាសំណើររបស់ បងប្អូនទៅសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ត្រូវបានសម្តេចសម្រេចចិត្តធ្វើប្រទានកម្ម ក្នុងនាម ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់ជីវភាពទៅលើការរស់នៅរហូតដល់ថ្ងៃនេះ ថា អាចបោះឆ្នោតហើយភ្លាមនិងទទួលបានកម្មសិទ្ធិហើយ។ ការប្រគល់ដីប្រទានកម្មដីជូនបងប្អូននេះ គឺមានការចុះវាស់វែងពីមន្ត្រីជំនាញ និងអាជ្ញាធរ បានច្បាស់លាស់ ទើបឈានទៅដល់ការធ្វើប័ណ្ណកម្មសិទ្ធិ និងប្រគល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ។
ពួកគាត់ទន្ទឹងរង់ចាំប័ណ្ណមួយនេះ ជាយូរមកហើយ ព្រោះវាពិតជាមានសារសំខាន់ណាស់ សម្រាប់ពួកគាត់ អាចរស់នៅមានសិទ្ធិពេញលេញ ក្នុងការគ្រប់គ្រង អាចខ្ចី ឬបញ្ចាំជាមួយធនាគារ យកដើមទុនរកស៊ីបាន ហើយក៏អាចផ្ទេរមរតក ចែកកូនចៅទៅអនាគតបន្ថែមទៀត។ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺមានផលប្រយោជន៍ពីរយ៉ាង គឺប្រជាពលរដ្ឋ ក៏បានផលប្រយោជន៍ ហើយរដ្ឋក៏ទទួលផលប្រយោជន៍ ព្រោះពេលប្រជាពលរដ្ឋ មានលំនឹងពិតប្រាកដ មានលំនៅដ្ឋាន ផ្ទះនៅស្របច្បាប់ អាចយកទៅដាក់ធនាគារ យកលុយមកប្រើប្រាស់បាន តាមតម្រូវការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ។ សុំឱ្យបងប្អូនប្រើប្រាស់វា ជាប្រយោជន៍សម្រាប់ក្រុមគ្រួសារ រក្សាទុកឱ្យបានល្អ កុំឱ្យបាត់បង់ និងនាំគ្នាទៅបង់ពន្ធ ជូនរដ្ឋឱ្យបានគ្រប់ៗគ្នា តាមការកំណត់របស់រដ្ឋ ព្រោះវាជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ។ ម៉្យាងទៀត សុំត្រៀម លក្ខណៈសម្បត្តិ និងឯកសារទុកជាមុនឱ្យបានរួចរាល់ សម្រាប់ការបោះឆ្នោត ជ្រើសរើសតំណារាស្រ្ត ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា នេះបើតាមលោកអភិបាល បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕ សំរិត