ភ្នំពេញ ៖ ស្ត្រីម្នាក់បានធ្វើដំណើរចេញពីស្រុកកំណើតខេត្តកំពង់ចាម ដោយកាន់រូបថតកូនប្រុសមួយសន្លឹក តាមស្វែងរករហូតមកដល់ភ្នំពេញ និងសុំការអន្តរាគមន៍ពីសមត្ថកិច្ចកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ខណៈកូនប្រុសរបស់គាត់ដែលជាមនុស្សពិការថែមទាំងគ ថ្លង់ទៀតផង ហើយបាត់ចេញពីផ្ទះអស់រយះពេល១១ថ្ងៃមកហើយ ។
បុរសបាត់ខ្លួនមានឈ្មោះ ឆេង ងួន អាយុ៣២ឆ្នាំ ជាមនុស្ស ពិការ គ ថ្លង់ ហើយមានជំងឺប្រចាំកាយទៀត មានឪពុកឈ្មោះ ធី ញីម អាយុ៥៧ឆ្នាំ មុខរបរ កសិករ ម្តាយឈ្មោះ ទ្រី ញ៉ អាយុ៥៦ មុខរបត កសិករ មានបងប្អូនចំនួន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ បុរសខាងលើជាកូនទី១ ដែលមានទីលំនៅភូមិស្ពឺកើត ឃុំ ស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
តាមសម្តីស្រ្តីជាម្តាយបានឲ្យដឹងថា កូនប្រុសគាត់ ដែលបាត់ខ្លួន ជាមនុស្សគ ថ្លង់ ពីកំណើត ហើយមានជំងឺទៀត រស់នៅដោយមានការបីបាច់ ពីក្រុមគ្រួសារ មិនដែលទៅណាទេ ស្រាប់តែនៅវេលាម៉ោង៤ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ បាត់ពីផ្ទះមិនដឹងថា ទៅណា ពួកគាត់ ដើរតាមស្វែងរក អស់រយៈពេលច្រើនថ្ងៃទៅហើយ នៅតែមិនឃើញ បង្កឲ្យភ័យព្រួយបារម្ភ ពីសុខភាព ម្យ៉ាងកំពុងមានជំងឺផង ដើរផ្តាំតាមអ្នករត់តាក់សុីផង ដើរស្វែងរកផង តាំងពីស្រុកកំណើត រហូតមកដល់ទីក្រុងភ្នំពេញ នៅតែមិនទាន់ឃើញនៅឡើយ មានតែកាន់រូវបថតកូនប្រុស ដើរប្តឹង ពឹងតាមប៉ុស្តិ៍នគរបាល ឲ្យជួយប្រកាស ស្វែងរកបន្ត ។
ស្រ្តីខាងលើបន្តទៀតថា បើតាមព័ត៌មានពីអ្នកភូមិ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា កន្លងទៅនោះ គេឃើញ កូនប្រុសគាត់ ដើរឡើងជិះរថយន្ត មកទៅក្រុងភ្នំពេញ ទើបគាត់មិនអស់ចិត្ត មកទីក្រុងភ្នំពេញ ដើម្បីដើរតាមស្វែងរកកូនប្រុស ថ្វីបើ គ្នាមានអាយុច្រើនបន្តិចមែន តែជាមនុស្សពិការ គ ថ្លង់ ហើយមានជំងឺទៀត ជាក្តីព្រួយបារម្ភពីក្រុមគ្រួសារ ។
ស្រ្តីជាម្តាយ ទទូចស្នើសុំ ដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច កាលបើប្រទះជួប បុរស គ ថ្លង់ ដូចភិនភាគខាងលើ មេត្តាជួយផ្តល់ព័ត៌មាន ដំណឹង ដល់នគរបាលប៉ុស្តិ៍ ចោមចៅ ដូចជាធ្វើបុណ្យជាមួយពួកគាត់អឺញ្ចឹង ៕ សុខាសែនជ័យ