ភ្នំពេញ៖ នគរបាលខណ្ឌចំការមន ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ បញ្ជូនជនសង្ស័យ ម៉ៅ ច័ន្ទរស្មី អនុប្រធាននាយកដ្ឋាន បច្ចេកទេសនិងអភិវឌ្ឍលំនៅឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីបង្កគ្រោះថ្នាក់ចរាចរ រួចដកកាំភ្លើងភ្ជង់គំរាមនគរបាលចរាចរណ៍ ។
នគរបាល បញ្ជាក់ថា ជនសង្ស័យ ម៉ៅ ច័ន្ទរស្មី ជាម្ចាស់រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AF-9766 ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ុន សំ សែនឧត្ដម ភេទប្រុស អាយុ ៣៥ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុន ស្នាក់នៅនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ជាម្ចាស់រថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AT-1914។
គួរបញ្ជាក់ថា សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ ម៉ៅ ច័ន្ទរស្មីកាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីជនសង្ស័យ បានបើកបរក្រោមស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរបុករថយន្តគេចតស្ងៀម នៅចំណុចមុខសាលាវិទ្យាល័យផ្សារដើមថ្កូវ ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន ។
ក្រោយបង្កហេតុរួច ជនសង្ស័យបានព្យាយាមបើករថយន្តរត់គេច ។ ប៉ុន្តែត្រូវសមត្ថកិច្ចតាមចាប់ ពេលនោះជនសង្ស័យ បានដកកាំភ្លើងភ្ជង់គំរាមសមត្ថកិច្ចថែមទៀតផង ៕ ចេស្តា