ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃ អភិបាលខណ្ឌដូនពេញ បន្តដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះប្រមូលសំរាមតាមមាត់អណ្តូងលូនៅជុំវិញផ្សារកណ្តាល នឹងទីតាំងផ្សេងៗដែលមានកាជន់លិច

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីមានភ្លៀងធ្លាក់២មេធំៗរយៈពេលពីរថ្ងៃនេះ បានធ្វើឲ្យមានការជន់លិចដោយជំនន់ទឹកភ្លៀង តាមមាត់អណ្តូងលូនៅជុំវិញផ្សារកណ្តាល នឹងទីតាំងផ្សេងៗក្នុងមូលដ្ឋានខណ្ឌដូនពេញ នៅរសៀលថ្ងៃចន្ទ និង ថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះប្រមូលសំរាមតាមមាត់លូ និងអណ្តូងលូ នៅជុំវិញទីរួមផ្សារកណ្តាល នៅមុនពេល និងពេលកំពុងមានភ្លៀងធ្លាក់ ដើម្បីបញ្ជៀសបាននូវការជន់លិចដោយជំនន់ទឹកភ្លៀង ។

បន្ថែមពីនេះទៀត លោក អភិបាលខណ្ឌ បានធ្វើការផ្សព្វផ្សាយដល់កម្លាំងប្រជាការពារតាមគោលដៅប្រចាំការ និងសង្កាត់ពាក់ព័ន្ធ ឲ្យប្រមូលសំរាមដែលនៅសេសសល់ក្បែរអណ្តូងលូ មាត់លូ និងបើកគម្របលូ នៅតាមទីតាំងសំខាន់ៗ រួមមានៈ តីរវិថីព្រះស៊ីសុវត្ថិ ជុំវិញរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជុំវិញទីរួមផ្សារកណ្ដាល ផ្លូវលេខ៤៧ និងផ្លូវលេខ១៩ ជាដើម-ល- ដើម្បីឲ្យទឹកហូរលឿនជៀសវាងការលិចលង់ ។

គួរបញ្ជាក់ថា កន្លងមកលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និង ចុះប្រមូលគំនរដី សំរាម និង សំណល់លូ នៅតាមបណ្តោយផ្លូវមួយចំនួនក្នុងមូលដ្ឋានខណ្ឌដូនពេញ ដេីម្បីបង្កលក្ខណៈងាយស្រួលដល់រថយន្តបូមលូរបស់ រដ្ឋបាលរាជធីភ្នំពេញ ធ្វេីកាបូមលូ និង បាញ់លាងសំអាតថ្នល់ ។

លោកអភិបាល ក៏បានសូមណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សហកាជាមួយអាជ្ញាធរខណ្ឌ សង្កាត់ ក្នុងការប្រមូល និងរៀបចំទុកដាក់សម្រាមឲ្យបានត្រឹមត្រូវតាមមុខផ្ទះរៀងៗខ្លួន ដេីម្បីសោភ័ណ្ឌភាពទីក្រុងយេីងទាំងអស់គ្នា ៕ ស តារា


ចែករំលែក៖