ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបោះពួយបុកម៉ូតូហើយធ្លាក់ទឹកស្រែបណ្តាលឲ្យស្លាប់ និងរងរបួស៩នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិត នៅចំណុចផ្លូវជាតិលេខ៦ ភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។

ប្រភពបន្តថា ហេតុការណ៍នេះបង្កដោយរថយន្តCamryឆ្លាម ពណ៌ឆ្លូញ ពាក់ស្លាក លេខ ភ្នំពេញ 2Q-0932 បើកបរពីលិចទៅកើត ដឹកអ្នកដំណើរ៤នាក់ លុះដល់ចំណុចកើតហេតុ ក៏បានរេចង្កូតបុកម៉ូតូ C125 ពណ៌ខ្មៅ ដែលជិះបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះសុន សែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ធ្វើស្រែ ស្នាក់នៅភូមិច្រនៀង ឃុំព្រៃជ្រូក ស្រុកពួក ខណៈដែលគាត់កំពុងជិះម៉ូតូដឹកប្រពន្ធ និងកូន២នាក់ បណ្តាលស្លាប់ទាំងបួននាក់ គឺស្លាប់១គ្រួសារនេះតែម្តង ហើយរថយន្តក៏ជ្រុលធ្លាក់ចូលប្រឡាយ ។

លោកអធិការបន្តថា បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះអ្នករងរបួស និងវាស់វែងធ្វើកំណត់ហេតុយកវត្ថុតាងទៅរក្សាទុក។

ចំណែកសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖