ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទេសចរណ៍ជែងក្នុងស្ថានភាពគ្រោះថ្នាក់បុកជាមួយរថយន្តបែនដឹកដីស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល៣នាក់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួឲ្យរន្ធត់ និងតក់ស្លុតបំផុតគឺមានស្ត្រីជនាតិបរទេសម្នាក់ដាច់ត្រឹមកដៃធ្លាក់តាមផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរឈប់ចោមរោមមើលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទេសចរណ៍ដឹកអ្នកដំណើរមួយគ្រឿងបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់លើកំណាត់ផ្លូវជាតិលេខ១ទៅបុក រថយន្តបែនដឹកដីពេញទំហឹង លាន់សូរដូចរន្ទះ កាលពីថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីព្រឹក នៅចំណុចភូមិលៀប ឃុំរាយកណ្ដៀង ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ពាក់ពន្ធ័ និងករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះមន្ត្រីកងរាជអាវុធហត្ថ ស្រុកស្វាយទាបបានឲ្យដឹងនៅរសៀលថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ថាចំពោះអ្នកស្លាប់មិនត្រូវបានស្គាល់ឈ្មោះនៅឡើយ ខណៈដឹងថា ជាជនជាតិបរទេស និងស្ត្រីម្នាក់ដែលរងរបួសដាច់ត្រឹមកដៃគឺជាជនជាតិបរទេសដែរ ខណៈបុរសដែលរងរបួសធ្ងន់២នាក់បានយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀងសន្លប់មិនទាន់ដឹងខ្លួននៅឡើយទេ ។

ប្រភពបន្តថាចំណែកអ្នកបើករថយន្តប្រភេទទេសចរណ៍មិនត្រូវបានស្គាល់ឈ្មោះនោះទេ បន្ទាប់ពីកើតហេតុភ្លាមៗបានរត់គេចខ្លួនបាត់ស្រមោលផងដែរ ។

តាមអ្នកភូមិបានឲ្យសមត្ថកិច្ចដឹងថាមុនដំបូង មានរថយន្តម៉ាកទេសចរពណ៌ខៀវពាក់ស្លាក់លេខភ្នំពេញ 3B-8997 របស់ក្រុមហ៊ុនដឹកអ្នកដំណើរដោយផ្ទុកភ្ញៀវក្នុងរថយន្តជាច្រើននាក់ លើកំណាត់ផ្លូវជាតិលេខ១ដោយធ្វើដំណើរពីពីលិចមកកើតក្នុងទិសដៅល្បឿនលឿន ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ស្រាប់តែមានរថយន្តបែនដឹកដីម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3D-200០បើកបរដោយបុរសមិនស្គាល់ឈ្មោះ ក្នុងទិសដៅបញ្រាស់គ្នា ក៏បុកយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឲ្យមានមុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៣នាក់ ខណៈស្ត្រីម្នាក់ដាច់ត្រឹមកដៃធ្លាក់មកផ្លូវគួរឲ្យតក់ស្លុត់បំផុត ។

ក្រោយមកអ្នកបើករថយន្តទេសចរណ៍ និងអ្នកបើករថយន្តបែនដឹកដី បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនទាំង២នាក់ បន្សល់តែរថយន្តនៅ និងកន្លែង ។

បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់កំពុងសំរាកព្យបាលនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ។

ចំណែករថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលធ្វើកំណត់ហេតុ និងវាស់វែងរក្សាទុកនៅស្នងការនគរបាល ខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដោយសារតែរថយន្តប្រភេទទេសចរណ៍បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕ យឹម សុថាន


ចែករំលែក៖