ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំ២គ្រឿង បុកគ្នាពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធុនធំ២គ្រឿងបុកគ្នា ខណៈដែលរថយន្តកុងតឺន័រមួយគ្រឿងបើកបរយ៉ាងលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តបែនដឹកដីពីក្រោយ បណ្តាលឲ្យរងការខូចខាតខ្លួនឯងយ៉ាងដំណំ និងអ្នកបើកបរម្នាក់រថយន្តកុងតឺន័ររងរបួសស្រាល ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃ ពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវវេងស្រេង ចំណុចកែងស្តុបទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងជារថយន្តបែនដឹកដីមិនបានចាំពណ៌មួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបន្ទាប់មកស្រាប់តែមានរថយន្តមួយគ្រឿងជារថយន្តកុងតឺន័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 3A-9153 ជារថយន្តរងគ្រោះបើកបរស្របគ្នាជាមួយរថយន្តបែនដឹកដីបើកក្នុងល្បឿនលឿនដូចគ្នា លុះបើកមកដល់ចំណុចស្តុបទួលពង្រ រថយន្តបែនដឹកដីបានជាន់ហ្វ្រាំងឈប់ឲ្យរថយន្តផ្សេងទៀតបើកឆ្លងកាត់ផ្លូវ ។

ស្រាប់តែរថយន្តកុងតឺន័ររងគ្រោះបើកមកពីក្រោយចាប់ហ្វ្រាំងមិនជាប់បានបុករថយន្តបែនដឹកដីពីក្រោយបណ្តាលឲ្យរងការខូចខាតខ្លួនឯងយ៉ាងដំណំ និងកៀបជាប់ជើងតៃកុងរថយន្តកុងតឺន័រនឹងកាប៊ីនរថយន្ត ហើយរថយន្តបង្កបើកចេញទៅបាត់ ចំណែកឯអ្នកបើកបររថយន្តកុងតឺន័របានជាប់ជើងនឹងកាប៊ីនរថយន្ត ត្រូវបានប្រជាពលរដ្ឋនឹងអ្នកបើកបររថយន្តកុងតឺន័រដូចគ្នាបានយកច្រវ៉ាក់ទាញយកជនរងគ្រោះចេញពីរថយន្តរងរបួសស្រាល ។

ក្រោយកើតហេតុរថយន្តកុងតឺន័រភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នាបញ្ចប់នៅនឹងកន្លែងកើតហេតុ ៕ស តារា


ចែករំលែក៖